(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណៈសម្បត្តិ សុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញ និងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច។

នាយទាហានទាំងនោះ ក៏ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹង ចេះ និងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជំនួសវិញ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានក្រុមប្រឹក្សាខេត្ត អភិបាលអភិបាលខេត្ត លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ការតែងតាំងដំឡើងផ្លាស់ប្តូរមុខតំណែងកន្លែងធ្វើការនៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជននោះ គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍៤ជាគន្លឹះ ១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន, ២៖ រៀបចំធនធានមនុស្សឱ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ, ៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និងទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើនព្រមៗគ្នា។

នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែលបានជួយមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយសទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និង សូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្ត ៧ចំណុចរួមមានហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំបន្ថែមដល់មេបញ្ជាការថ្មី ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំគ្រប់គ្រងបញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ចគោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប៕