(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២​ ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) ទទួលបានពាក្យបណ្ដឹងចំនួន១២ ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍លើករណីបង្ខាំង និងជួញដូរពលកម្ម។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅក្នុងចំណោមពាក្យបណ្តឹង ១២ មានការស្នើឲ្យអន្តរាគមន៍ស្វែងរកជនបរទេស១៦នាក់ ក្នុងនោះមានជនជាតិចិន ១០នាក់, វៀតណាម ០៤នាក់ និងចិនតៃវ៉ាន់ ០២នាក់ ហើយក្នុងចំណោមនោះក៏មាន០៤ករណី ទទួលបានពីអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងចំណោមបណ្តឹងនោះមាននៅក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្តាល និងរាជធានីភ្នំពេញជាដើម។

ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម បានទទួលពាក្យបណ្ដឹងសរុបចំនួន១៣៧បណ្តឹង ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថាបង្ខាំង និងជួញដូរកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការស្នើឲ្យស្វែងរកជនបរទេស២៧៤នាក់ ស្មើនឹង១០សញ្ជាតិ។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ សម្តេចក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះផងដែរ៕