(សៀមរាប)៖ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមានការចូលរួមពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកវគ្គផ្សព្វផ្សាយស្តីពី «វិធានការបង្ការ ជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា» ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ចំនួន១៥នាក់ ស្រី៩នាក់។

វគ្គផ្សព្វផ្សាយនេះមានគោលបំណងឱ្យអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលបានចំណេះដឹង យកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីមានចំណេះដឹងជាមូលដ្ឋានក្នុងការបង្ការខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុករងផល ប៉ះពាល់ពីជំងឺនេះ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុ សំអន ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងជំរុញឲ្យអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់តាមដានស្តាប់បទបង្ហាញរបស់អ្នកសម្របសម្រួលនូវប្រធានបទសំខាន់ៗរួមមាន៖ វិធានធានការបង្ការនៃជំងឺគ្រុនឈាម និងរបៀបនៃការប្រើប្រាស់ថ្នាំអាប៊ែត ការយល់ដឹងពីជំងឺអុតស្វា និងវិធានការបង្ការ បន្តការអនុវត្តវិធានការ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមទាំងផ្សព្វផ្សាយពីគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិផងដែរ។

ទន្ទឹមនឹងនោះដែរ លោកនាយកសាខា ក៏បានដឹកនាំអ្នកស្ម័គ្រចិត្ត ចុះដាក់អាប៊ែតតាមផ្ទះប្រជាពលរដ្ឋ នៅជុំវិញសាលាសង្កាត់ស្វាយដង្គុំ ប្រមាណ២០ខ្នងផ្ទះ និងប្រគល់ អាប៊ែត និងសម្ភារអប់រំ មានដូចជាខិតប័ណ្ណដល់អ្នកស្ម័គ្រចិត្ត ដើម្បីធ្វើសកម្មភាពបន្តនៅតាមសហគមន៍ដែលគាត់រស់នៅ។

សូមបញ្ជាក់ផងដែរ សកម្មភាពនេះ គឺជាការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន ចូលរួមជំរុញប្រជាពលរដ្ឋក្នុងសហគមន៍ ធ្វើជាប្រជាជនគំរូ ស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាលគឺ «ខ្ញុំ និងគ្រួសារខ្ញុំជាប្រជាជនគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ដើម្បីជៀសផុតពីជំងឺគ្រុនឈាមគ្រប់ៗគ្នា៕