(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយាលោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ បានសម្រេចចំណាយថវិកាជួយធ្វើបង្គន់អនាម័យ ដាក់ទ្វារផ្ទះ និងដាក់ភ្លើងបំភ្លឺតាមផ្លូវ ជូនលោកយាយក្រីក្រម្នាក់ តាមការសំណូមពរពីប្រជាពលរដ្ឋ។

លោក ជា ពិសី និងលោកស្រី អាន ផល្លា បានសម្រេចចិត្តជួយដល់លោកយាយក្រីក្រនេះ ដោយមើលឃើញពីការលំបាក និងក្ដីអាណិតអាសូរ គ្មានបង្គន់អនាម័យ គ្មានទ្វារផ្ទះ និងភ្លើងបំភ្លឺផ្លូវ ហើយនិងប្រព័ន្ធលូប្រើប្រាស់ និងបន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវមុន្នីរេត សង្កាត់បឹងសាឡាង មុនពេល ដែលលោកដឹកនាំការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់ ចុះមើលផ្លូវ និងជួសជុលផ្លូវជង្ហុក (សំបុកមាន់) និងដាក់គម្របលូ ដើម្បីសម្រួលដល់ការធ្វើដំណើរ មានសុខសុវត្ថិភាព បង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការពារការកកស្ទះលូដោយសារសំរាមហូរចូល សម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋ សង្កាត់ផ្សារដើមគរ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

ដោយឡែកលោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ តំណាងលោក ជា ពិសី រួមដំណើរដោយក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ ក្រុមការងារអនុសាខាសមាគមនារីខណ្ឌ និងអាជ្ញាធរសង្កាត់ ក៏បានចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីជួយសម្រាលជីវភាព ប្រជាពលរដ្ឋ ចាស់ជរាងាយរងគ្រោះមួយចំនួនទៀត ក្នុងភូមិ១ សង្កាត់ផ្សារដេប៉ូទី១។

នៅក្នុងឱកាសចុះចែកអំណើយនោះលោកស្រី អាន ផល្លា ក៏ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការគិតគូយ៉ាងយកចិត្តទុកដាក់ ព្រោះទីណា ដែលមានប្រជាពលរដ្ឋ ជួបហានិភ័យផ្សេងៗ ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ វណ្ណះ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោញទូទៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា សម្រាប់គ្រឿងឧបភោគ បរិភោគ សម្ភារ ដែលបាននាំយកមកឧបត្ថម្ភជួយ សម្រាលជីវ ភាពប្រជាពលរដ្ឋ ចាស់ជរាងាយរងគ្រោះនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, មីកំប៉ុង១យួរ, ទឹកបរិសុទ្ធ១កេស, នំបន្លែ២កញ្ចប់ធំ, ជែលលាងដៃ១ដប, ម៉ាស់១ប្រអប់ និងថវិកាមួយចំនួន៕