(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅការិយាល័យរបស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដោយមានការចូលរួមពីសំណាក់ លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រី ម៉ាណ ណាវី អនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ, លោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកគី ជាច្រើនឆ្នាំកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋតួកគី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតបញ្ញវន្តកម្ពុជា ជាច្រើនរូប ដែលគិតរហូតមកដល់ពេលនេះ មាន១១៩នាក់ បានបញ្ចប់ការសិក្សាជាស្ថាពរ និង២៤នាក់ផ្សេងទៀត កំពុងបន្តការសិក្សានៅប្រទេសតួកគី ដែលនេះគឺជាការចូលរួមយ៉ាងធំធេងក្នុងលើកស្ទួយធនធានមនុស្សនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីសុខដុមរមនានៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានលើកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាម មានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ រដ្ឋាភិបាលកម្ពុជា បានផ្ដល់គ្រូក្របខណ្ឌខ្មែរឥស្លាមប្រមាណ ១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់សាធារណរដ្ឋតួកគី ដែលជាប្រទេសមួយមានបទពិសោធន៍ខ្ពស់លើវិទ្យសាស្រ្តហាឡាល ឲ្យជួយសហការពង្រឹងស្ថាប័នហាឡាលកម្ពុជា ដើម្បីផលិតផលិតផលហាឡាល និងនាំចេញទៅប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។ លោកបានស្នើដល់ ឯកអគ្គរដ្ឋទូត ឲ្យគៀងគរវិនយិយោគិននៃប្រទេសតួកគី មកធ្វើការវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសមួយដែល សំបូរទៅដោយវត្ថុធាតុដើម ហើយជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់បរទេសនៅកម្ពុជា។ កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាំងនេះជាឱកាសដ៏ប្រសើរ ដើម្បីធ្វើការវិនិយោគ ហើយទទួលបានផលចំណេញច្រើន។

ជាពិសេសទៀតនោះ លោកទេសរដ្ឋមន្ដ្រី បានស្នើដល់លោកស្រី ឯកអគ្គរដ្ឋទូត សូមឲ្យមានកម្មវិធីដំណើរទស្សនកិច្ចទៅប្រទេសតួកគី សម្រាប់ស្រ្តី និងយុវជនកម្ពុជា ដើម្បីឲ្យពួកគាត់មានការស្វែងយល់បន្ថែម ពីវប្បធម៌ អរិយធម៌ និងរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋតួកគី ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងបន្ថែមសម្រាប់អភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។

ជាកិច្ចឆ្លើយតប លោកស្រី Ulku Kocaefe បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក្នុងកិច្ចសំណេះសំណាល និងពិភាក្សាការងារនេះ។

លោកស្រី បានបន្ថែមថា រូបគាត់ពិតជាស្រឡាញ់ និងចូលចិត្តចំពោះវប្បធម៌ អរិយធម៌កម្ពុជាខ្លាំងណាស់។ ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ និងចេះគោរពគ្នាទៅវិញទៅមក គួរជាទីមោទនៈ។ អ្វីដែលពិសេសទៀតនោះ កម្ពុជាមាន មានប្រមុខរាជរដ្ឋាភិបាលគំរូ សម្រាប់ពិភពលោកទាំងមូល ដែលមានស្នាដៃក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ សម្រាប់ប្រជាជនរបស់ខ្លួន។

លោកស្រីឯកអគ្គរដ្ឋទូត បានសន្យាថា នឹងនាំរាល់សំណើរខាងលើរបស់ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជូនរដ្ឋាភិបាលនៃប្រទេសតួកគី ដើម្បីធ្វើការសិក្សា និងស្វែងយល់បន្ថែម ហើយលោកស្រី នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ៕