(ភ្នំពេញ)៖ លោក ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ បានថ្លែងបញ្ជាក់ថា វិស័យប្រៃសណីយ៍ បានដើរតួយ៉ាងសំខាន់ក្នុងការទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយបញ្ញើ ដើម្បីជាការសម្រួលដល់ការ រស់នៅរបស់ប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះ។

លោក ហួត ចាន់យ៉ារ៉េត បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ទីរ ក.ប.ទ. ខេត្តទាំង២៤ និងតំណាងប្រតិបត្តិករផ្តល់សេវាបញ្ញើប្រៃសណីយ៍។ អង្គសិក្ខាសាលានេះ មានការចូលរួមពីលោកអនុប្រធានតុលាការ សាលាដំបូងរាជធានីភ្នំពេញ និងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

លោក ហួត ចាន់យ៉ារ៉េត បានបន្ថែមថា ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍នេះ ក៏មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសទុច្ចរិក ប្រើប្រាស់វិស័យប្រៃសណីយ៍ ពុំបានត្រឹមត្រូវពោលគឺ៖ បុគ្គលមួយចំនួនបានផ្ញើបញ្ញើហាមឃាត់ដោយច្បាប់នៃកម្ពុជា ដែលឱ្យមានផលប៉ះពាល់ដល់វិស័យប្រៃសណីយ៍ និងប្រតិបត្តិករប្រៃសណីយ៍ ស្របច្បាប់ផងដែរ។

សូមជម្រាបថា សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញអំពី (១) នីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ (២) ខ្លឹមសារបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ នឹងបញ្ញើហាមឃាត់ (៣) នីតិវិធីត្រួតពិនិត្យបញ្ញើ និង (៤) ការពិនិត្យបញ្ញើសង្ស័យ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រតិបត្តិករប្រៃសណីយ៍ ឱ្យយល់ដឹងពីបញ្ញើហាមឃាត់ ជាពិសេសផ្តោតលើការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ដើម្បីយកទៅអនុវត្តក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ ដែលមិនធ្វើឱ្យមានហានិភ័យ ឬផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម៕