(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចោទសួរទៅអ្នកវិភាគមួយចំនួន អំពីទស្សនៈរបស់ពួកគេជុំវិញដំណើរទស្សនៈកិច្ចរបស់ លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឡាវ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ បានរៀបរាប់ថា «ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវ ដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរ ក្នុងទស្សនកិច្ចហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?»។

សម្ដេចក៏បានបន្តទៀតថា «ដោយលើកមុនខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនរបស់យើង បានបញ្ជូនយន្តហោះមកទទួល ហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩។ តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។ នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ»

សូមបញ្ជាក់ថា នាពេលកន្លងទៅបន្ទាប់ពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅប្រទេសវៀតណាម ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនោះ អ្នកវិភាគមួយចំនួនបានរិះគន់ថា ដំណើរទស្សនកិច្ចនេះ ជាការទៅសុំយោបល់របស់ថ្នាក់ដឹកនាំវៀតណាម ខណៈដែល លោក ហ៊ុន ម៉ាណែត គឺជា បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ជុំវិញករណីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម មិនដល់ការធ្វើបដិសណ្ឋារកិច្ចចំពោះទស្សនកិច្ចនៅប្រទេសជប៉ុន និងសិង្ហបុរីនោះទេ៕