(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមនឹងសហការីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឱ្យលិចទូក ពេលចុះនេសាទ នៅចំណុចវាលព្រះ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ។

សូមបញ្ជាក់ថា សពបុរសទាំង ២នាក់នេះរួមមានម្នាក់អាយុ ៥១ឆ្នាំ ត្រូវជាឪពុកមា មានប្រពន្ធ កូន៤នាក់ និងម្នាក់ទៀត អាយុ ៣១ឆ្នាំ ត្រូវជាក្មួយមានប្រពន្ធកូនស្រី១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរជាមួយគ្នា។

ស្ថិតក្នុងឱកាសដ៏សោកសង្រេងនោះ ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ប្តី ឪពុក ឪពុកក្មេក កូន កូនប្រសារ ជាទីគោរព ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ ប្រធានសាខាបានលើកទឹកចិត្តដល់ក្រុមគ្រួសារទាំង២ ឱ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ។

ចំពោះសម្ភារៈដែលបានផ្តល់ជូនគ្រួសារសពខាងលើ គឺក្នុង១ គ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២កេស ត្រីខ ២០កំប៉ុង, មី ២កេស និង បច្ច័យចូលបុណ្យ ចំនួន ៥០០,០០០រៀល។ ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀត ត្រូវជាសាច់ញាតិសព ដែលនៅរស់ពីការលង់ទឹក ក៏ត្រូវបានទទួកការឧបត្ថម្ភថវិកា ចំនួន ២០០,០០០រៀល រួមនឹងបានឧបត្ថម្ភដល់កងកម្លាំងសង្រ្គោះក្នុងហេតុការណ៍ខាងលើផងដែរ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចូលបុណ្យក្នុង ១គ្រួសារ ថវិកា៥០០,០០០រៀល។ អនុសាខាស្រុក ចូលបុណ្យបន្ថែមក្នុង១គ្រួសារ បច្ច័យ ២០០,០០០រៀល៕