(ភ្នំពេញ)៖ ក្រោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីផែនការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៉ីវិលឡើងវិញ ជាប្រភេទ «Smart Card» និងអាចប្រើប្រាស់សម្រាប់ដកប្រាក់ខែតាមម៉ាស៉ីន ATM បានផងដែរ។

ក្រសួងបានបញ្ជាក់ថា កន្លងមកអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។

សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត (Smart Card)» ដែលអាចអនុញ្ញាតឲ្យមន្ត្រីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។

ទន្ទឹមនោះ ដោយមានការសម្របសម្រួល និងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឲ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ៕