(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយរកឃើញជនជាតិម៉ាឡេស៊ី ១៦នាក់ ត្រូវគេបង្ខាំងទុកឱ្យធ្វើការ និងឃាត់ជនជាតិចិន ១នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាមានការចាប់បង្ខាំងទុកជនជាតិម៉ាឡេស៊ី ១៦នាក់ ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។ ក្នុងចំណោមជនរងគ្រោះ ចំនួន ១៦ នាក់ មានស្រី ០៥នាក់ផងដែរ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយបានចុះទៅដល់ទីតាំង និងមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញ បុរស ស្ត្រី ជនជាតិម៉ាឡេស៊ី ១៦នាក់ (ដែលក្នុងបណ្តឹងអះអាងថាជាជនរងគ្រោះ) កំពុងធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ ទើបកម្លាំងសមត្ថកិច្ចបាននាំអ្នកគ្រប់គ្រងជនជាតិចិន ០១នាក់ មកធ្វើការសាកសួរ បន្តនីតិវិធី៕