(ភ្នំពេញ)៖ ឯកឧត្តម ចាន់ យត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៣០ សីហា ២០២២ អំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលមានភាពស្ងប់ស្ងាត់ នៅក្នុងសប្តាហ៍នេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងទេ។

ឯកឧត្តមក៏បានរម្លឹកថា កម្ពុជាគឺជាសមាជិករបស់អង្គការឧតុនិយមពិភពលោក ហើយជាសមាជិកអង្គការក្នុងតំបន់នានា ទាក់ទងនឹងវិស័យឧតុនិយមនេះផងដែរ ដូច្នេះ កម្ពុជាធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងវិស័យនេះ ជាមួយបណ្តាប្រទេសស្ទើរតែទាំងអស់ នៅក្នុងពិភពលោក។ ក្នុងករណីមានបាតុភូតអ្វីកើតឡើង ដូចជា ព្យុះ ទាំងការការរងសំពាធផ្ទាល់ ឬប្រយោលក្តី ឯកឧត្តមថា ក្រសួងធនធានទឹកនឹងជូនដំណឹងប្រាប់សាធារណជន ឲ្យបានមុនប៉ុន្មានថ្ងៃជានិច្ច ដូច្នេះ សូមប្រជាពលរដ្ឋ កុំព្រួយបារម្ភខ្លាំង ចំពោះស្ថានភាពអាកាសធាតុនេះ។ ការគូសបញ្ជាក់បែបនេះ ក្រោយពេលដែលមានការឃោសនាព័ត៌មាន ដែលអាចថា មានការលិចលង់ខ្លាំងក្លា ដែលពុំធ្លាប់មាន ជាដើមនោះ។

សូមស្តាប់ប្រសាសន៍របស់ឯកឧត្តម ចាន់ យុត្ថា ពន្យល់លម្អិត ជាមួយនឹងការគូសបញ្ជាក់ពីមហាអំណាចឧតុនិយម លើពិភពលោក ដែលកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយ ជាដើមនោះ៖ «បាទ បើនិយាយពីវិស័យបច្ចេកវិទ្យា បើនិយាយអំពីកិច្ចសហប្រតិបត្តិការហ្នឹង ហើយបើខ្ញុំនិយាយពីវិស័យឧតុនិយមគឺកិច្ចសហប្រតិបត្តិការហ្នឹង យើងធ្វើធ្វើជាមួយគ្នា ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក វាសឹងតែទូទាំងពិភពលោកទៅហើយ ហើយបើក្នុងវិស័យ ឧតុនិយម គេហៅថា មហាអំណាចឧតុនិយម មានដូចជា សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក មានដូចជា ហ្វីលីលីពីន ជប៉ុន កូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ ទាក់ទងជាមួយនឹងបាតុភូតធម្មជាតិនានា ដែលកើតឡើង ទាំងក្នុងសមុទ្រ ក៏ដូចជា នៅលើគោក ពិសេស គឺទាក់ទងជាមួយនឹងបាតុភូត ដូចជា ព្យុះ ប្រព័ន្ធសំពាធទាប ។ល។

លោកបន្តថា «ឬក៏បាតុភូអីដែលបង្កឲ្យមានគ្រោះមហន្តរាយ គឺសុទ្ធតែត្រូវបានព្យាករណ៍ និងជម្រាបជូន ជាមុន...ឧទាហរណ៍ ដូចថា ជាព្យុះដែលកើតឡើង ឬ ជាស្អីដែលមានឥទ្ធិពលដល់តំបន់របស់យើង ឬ ប្រទេសយើង ទោះបីថា ដោយផ្ទាល់ ឬ ដោយប្រយោលក្តី ក្រសួងសុទ្ធតែបានជូនដំណឹងជាមុន យ៉ាងហោចណាស់ ក៏បួន ប្រាំថ្ងៃជាមុនដែរ ហើយមកដល់ពេលនេះ ខ្ញុំបញ្ជាក់ជូនថា ក្នុងសប្តាហ៍នេះ អាចចាត់ទុកថា បើសម្រាប់កម្ពុជា គឺជាសប្តាហ៍ស្ងប់ស្ងាត់ ព្រោះយើងអត់មានទទួលឥទ្ធិពលធំដុំទេ ក្រៅពីជ្រលងប្រព័ន្ធសំពាធបន្តិចបន្តួច ហើយដ៏ដូចជាថា រហូតទៅដល់ចុងសប្តាហ៍នេះ អាចនៅថ្ងៃទី៣ (កញ្ញា) អាចធ្វើឲ្យមានខ្យល់លើផ្ទៃសមុទ្រយើងកើនឡើង ជាងមុនបន្តិចបន្តួច រលកខ្ពស់ជាងមុន អីតិចតួច គឺមានតែប៉ុណ្នឹង ដូច្នេះ បើនិយាយថា ស្ថានភាពអាកាសធាតុបែបនេះ នៅក្នុងរដូវវស្សា ចាត់ទុកថាជាស្ថានភាពស្ងប់ស្ងាត់ល្អ... យើងមានកិច្ចសហប្រតិបត្តិការ បើនិយាយពីបច្ចេកវិទ្យា យើងមានកិច្ចសហប្រតិបត្តិការ ហើយយើងក៏ជាសមាជិករបស់អង្គការឧតុនិយមពិភពលោក ហើយក៏ជាសមាជិកអង្គការតំបន់ដែរ ទាក់ទងជាមួយនឹងវិស័យឧតុនិយមនេះ មកដល់ថ្ងៃនេះ ថ្ងៃ៣០ ហើយ គឺថា យើងនឹងបន្តស្ងប់ស្ងាត់ ដូច្នេះ សូមកុំមានការព្រួយបារម្ភអីសោះ មិនមានអ្វីទេ បាទ!»

តាមរយៈទូរទស័ព្ទ ឯកឧត្តម ចាន់ យុត្ថា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនបន្ថែមថា កម្ពុជានៅតែបន្តធ្លាក់ភ្លៀង ដោយសារតែស្ថិតក្នុងរដូវវស្សា និងការទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលមិនមែនតែកម្ពុជា គឺបណ្តាប្រទេសក្នុងតំបន់ក៏ទទួលរងដែរ ប៉ុន្តែពុំមានអ្វីដែលជាការព្រួយបារម្ភខ្លាំងទេ គឺមានការធ្លាក់ពីតិចទៅមធ្យម ហើយការរាយប៉ាយក៏ធ្លាក់តាមតំបន់ដែរ ខណៈដែលការធ្លាក់ភ្លៀងនេះ គឺជាដំណើរធម្មតា បើធៀបនឹងឆ្នាំកន្លងទៅ គ្រាន់តែការធ្លាក់ភ្លៀងឆ្នាំនេះ មានការធ្លាក់ច្រើន តែការរាយប៉ាយគ្រប់គ្រាន់ល្អ សម្រាប់ការប្រើប្រាស់ទៅវិញ។

យ៉ាងណាក៏ដោយ ឯកឧត្តម ចាន់ យុត្ថា ក៏បានលើកឡើងពីជំនន់ស្ទឹងសែន ដែលហូរកាត់ខេត្តចំនួន២ គឺ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលស្ថានភាពទឹកនៅតែខ្ពស់នៅឡើយ ដែលប៉ះពាល់តំបន់ទំនាបមួយចំនួន ប៉ុន្តែ គ្រាន់តែមានជម្លៀសប្រជាពលរដ្ឋមួយចំនួន ហើយរំពឹងថា ទឹកនឹងនៅហ្នឹង ក្នុងរយៈពេល ១ថ្ងៃ ឬ ២ថ្ងៃទៀត។ ក្រៅពីស្ទឹងសែន គឺពុំមានកន្លែងណា គួរឲ្យព្រួយបារម្ភនៅឡើយទេ សម្រាប់កម្ពុជា គិតរហូតដល់ថ្ងៃទី៣០ សីហា ២០២២៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)