(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រសៀលថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២២ បានអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលក្រុងស្ទឹងសែន ដោយលោក ពេញ កែម ជំនួសលោក ម៉ាក់ ប៊ុនហុង ដែលត្រូវផ្លាស់ប្ដូរទៅកាន់ជានាយករដ្ឋបាលសាលាខេត្ត រសៀលថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២២។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង ប្រធានមន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការជុំវិញខេត្តផងដែរ។

អភិបាលខេត្តកំពង់ធំ បានចាត់ទុកថា ការផ្លាស់ប្ដូរនេះ រឿងធម្មតារបស់មន្រ្តីរាជការ ជាពិសេសផ្លាស់ប្ដូរនូវបទពិសោធន៍ ចំណេះដឹង ធ្វើយ៉ាងណា រួមគ្នាសហការ និងផ្ដល់ការគាំទ្រលោក ពេញ កែម បន្តទៀតក្នុងនាមជាអភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន រួមជាមួយនឹងលោកប្រធានក្រុមប្រឹក្សាក្រុង ដើម្បីធានាបាននូវកិច្ចការទាំងឡាយដែលនៅសេសសល់ពុំទាន់បានដោះស្រាយចប់ ក៏ដូចជាការបំពេញនូវអ្វីដែលប្រជាពលរដ្ឋដែលចង់បាន។

លោកបន្តទៀតថា ក្រុងស្ទឹងសែន គឺជាបេះដូងនៃរដ្ឋបាលខេត្តកំពង់ធំ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខេត្ត ក៏ដូចជាមណ្ឌលសេវាទេសចរណ៍ ដែលមានប្រជាពលរដ្ឋជាច្រើនមកទទួលសេវានៅក្នុងក្រុងស្ទឹងសែន។

ជាចុងក្រោយអភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុងស្ទឹងសែនទាំងអស់ ត្រូវបង្កើនសកម្មភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។

ដើម្បីឆ្លើយតបឱ្យបានសាកសមចំពោះជំនឿទុកចិត្តដ៏ថ្លៃថ្លានេះលោក ពេញ កែម បានធ្វើការប្តេជ្ញាចិត្តដូចតទៅ៖

*ទី១៖ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចយកអស់កម្លាំងកាយ ចិត្តប្រកបដោយស្មារតីទទួលខុស
*ទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ តាមគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លើគោលដៅលើកកម្ពស់ អភិបាលកិច្ចល្អនូវមូលដ្ឋាន និងស្របតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
*ទី៣៖ រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលក្រុង និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។
*ទី៤៖ បង្កើនសាមគ្គីភាពផ្ទៃក្នុងបង្កើនទំនាក់ទំនងល្អជាមួយ មន្ទីរអង្គភាពជុំវិញខេត្ត សង្កាត់ អង្គការសង្គម ស៊ីវិល និងដៃគូអភិវឌ្ឍន៍៕