(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែមិថុនា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុបចំនួនប្រមាណ ១៨១,៦១៣លានរៀល ស្មើនឹងប្រមាណជាង៤៤លានដុល្លារ និងចំណេញបានចំនួនប្រមាណ៧៧,៩២៤លានរៀល ស្មើនឹងប្រមាណជិត១៩លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្នុងនោះ បានបញ្ជាក់ថា កាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩០,៣៨៣,០៥៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធចំនួន ៣៣,០៤១,៨៥៤,០០០រៀល។

ដោយឡែក ក្នុងត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,២៣០,២៨៩,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធចំនួន ៤៤,៨៨៣,០៥៥,០០០រៀល។

លទ្ធផលនេះ បណ្តាលមកពីបរិមាណកុងតែន័រ និងបរិមាណទំនិញឆ្លងកាត់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើង។

លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ក្នុងរបាយការណ៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឲ្យកាន់តែប្រសើរ និងសម្រេចបានលទ្ធផលខ្ពស់ ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។

លោកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាងហេដ្ឋរចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ សេវាកម្មរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២១ ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៦.៩លានតោន កើនឡើង៥.៩៩% និងចំណូលសរុបមានចំនួនប្រមាណ ៣៧៣ប៊ីលានរៀល (ប្រមាណ៩០លានដុល្លារ) កើនឡើង១៧.៦៤% ធៀបនឹងការអនុវត្តឆ្នាំ២០២០៕