(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអនុញ្ញាតឱ្យតំណាងគណបក្សនយោបាយ ចំនួន ៤ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន និងគណបក្សកែទម្រង់កម្ពុជា ដើម្បីចូលជួប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០៖០០ព្រឹក នៅទីស្ដីការ គ.ជ.ប។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ការអនុញ្ញាតឱ្យចូលជួបនេះ គឺឆ្លើយតបតាមសំណើរបស់គណបក្សនយោបាយទាំងបួនខាងលើ ដែលសុំជួបជាមួយ គ.ជ.ប ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

សូមជម្រាបជូនថា សមាសភាព គ.ជ.ប សម្រាប់ជំនួបនេះ រួមមាន លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មួយចំនួនទៀត៕