(សៀមរាប)៖ អុកស៊ីសែន ជាតម្រូវការចាំបាច់មួយសម្រាប់មន្ទីរពេទ្យនានា ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ។ ដោយបច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានដំឡើងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន០៣ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងខាងជប៉ុនចំនួន០១ទៀត ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងមន្ទីរពេទ្យ និងកាត់បន្ថយការចំណាយផងដែរ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហាថា លោក ហ៊ុន ម៉ាណែត បានផ្តល់ជំនួយជាម៉ាស៊ីនផលិតអុកស៊ីសែនធំៗចំនួន០៣ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ម៉ាស៊ីនចំនួន០១ ក្នុងកន្លះម៉ោងអាចផលិតអុកស៊ីសែនបានចំនួន១៦ដប ហើយក្នុងមួយម៉ោងអាចផលិតអុកស៊ីសែនបានចំនួន៣២ដបនេះ ម៉ាស៊ីនតែមួយ ដល់ម្នទីរពេទ្យមានម៉ាស៊ីនរហូតដល់ទៅ០៣ ដូច្នេះមន្ទីរពេទ្យអាចប្រើប្រាស់បានគ្រប់គ្រាន់។

ហើយចំពោះម៉ាស៊ីនផលិតអុកស៊ីសែននេះ អាចផលិតបានសម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងបានចែកចាយអុកស៊ីសែនដល់មន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងមណ្ឌលសុខភាពនានា ដែលខ្វះអាចមកយកអុកស៊ីសែននៅទីនេះ ដោយមិនគិតតម្លៃនោះឡើយ។ មន្ទីរពេទ្យក៏មានម៉ាស៊ីនផលិតអុកស៊ីសែនមួយទៀត ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនដែលផ្តល់មក ប៉ុន្តែម៉ាស៊ីននេះតូចអាចផលិតបានក្នុងមួយម៉ោង២ដបតែប៉ុណ្ណោះ។

លោកបន្តថា កាលពីមុនមិនទាន់មានម៉ាស៊ីនផលិតអុកស៊ីសែន មន្ទីរពេទ្យមានការលំបាកជាខ្លាំង នៅពេលមានតម្រូវកាអុកស៊ីសែនសម្រាប់ប្រើប្រាស់ដោយត្រូវកម្មង់ទិញអុកស៊ីសែនពីក្រុមហ៊ុននៅភ្នំពេញ ដោយក្នុងអំឡុងពេលជំងឺកូវីដ មន្ទីរពេទ្យត្រូវចំណាយអុកស៊ីសែនក្នុង០១ថ្ងៃ១០០ដប ទៅ២០០ដប ដើម្បីព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ។ ងាកមកបច្ចុប្បន្ននេះវិញ មន្ទីរពេទ្យមានភាពងាយស្រួលជាខ្លាំងបន្ទាប់ពីទទួលអំណោយ ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន០៣ពីលោក ហ៊ុន ម៉ាណែត ធ្វើឲ្យមន្ទីរពេទ្យដំណើរការទៅបានរលូន និងកាត់បន្ថយការចំណាយផងដែរ។

ដោយឡែកលោក ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានលើកឡើងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យមានការអភិវឌ្ឍជាច្រើនផ្នែកសេវាឯកទេសមួយចំនួនដែលចាំបាច់ ដើម្បីប្រសិទ្ធភាព ក្នុងការព្យាបាល។ បន្ទាប់ពីការអភិវឌ្ឍសេវាឯកទេសទាំងធនធានមនុស្ស និងឧបករណ៍បរិក្ខារ ធ្វើឱ្យមានទំនើបកម្មធ្វើយ៉ាងណាឱ្យការផ្ដល់សេវាឱ្យមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

បន្ទាប់ពីការប្រើប្រាស់សេវានេះបានរលូនរួចមក មានអ្នកជំងឺមកព្យាបាលច្រើន រហូតដល់មានលើសចំនួនដែលមន្ទីរពេទ្យ ហើយមន្ទីរពេទ្យនៅខេត្តផ្សេងៗ ក៏បានបញ្ជូនអ្នកជំងឺក្នុងករណីធ្ងន់មកព្យាបាល និយាយជារួមបច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានសមត្ថភាពស្មើ នឹងមន្ទីរពេទ្យជាតិ ដោយមានការងាររឹងមាំក្នុងការវះកាត់ សង្គ្រោះបន្ទាន់ ជាពិសេសការផ្តល់ឈាមមានសមត្ថភាពច្រើន។

លោកបន្ថែមទៀតថា នៅឆ្នាំក្រោយក្នុងខែសីហា និងមានអាគារមន្ទីរពេទ្យថ្មី ដែលមានចំណុះចំនួន២២០គ្រែ បន្ទប់វះកាត់ចំនួន០៦ កន្លែងសង្រ្គោះបន្ទាន់ និងមានបន្ទប់ព្យាបាលជាច្រើនទៀត។ បច្ចុប្បន្នមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅលំដាប់(CBA3)កម្រិត០៣ ដោយមានគ្រប់សេវាទាំងអស់ ប៉ុន្តែមន្ទីរពេទ្យក៏ត្រូវការអភិវឌ្ឍបន្ថែមទៀត ព្រោះតម្រូវការព្យាបាលសុខភាពមានច្រើនផងដែរ។

ជាមួយគ្នានេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានអ្នកជំងឺមកទទួលសេវាព្យបាលច្រើន ហើយមន្ទីរមិននៅតែប៉ុណ្ណឹងនោះទេ នឹងត្រូវអភិវឌ្ឍបន្ថែមទៀត ដើម្បីឱ្យមន្ទីរពេទ្យក្លាយជាមន្ទីរតំបន់មួយដ៏ពិតប្រាកដ ច្បាស់លាស់ ដែលជាកន្លែងផ្តល់នូវសេវាដែលខេត្តមួយចំនួននៅជុំវិញមិនអាចផ្តល់សេវាបាន និងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បច្ចុប្បន្ននេះមន្ទីរពេទ្យ ក៏អាចផ្តល់សេវាបានដែរ ប៉ុន្តែនៅមានកម្រិតនៅឡើយ។ ហើយនេះជាគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ជ្រើសរើសយកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យតំបន់មួយ ដែលអាចទទួលខុសត្រូវទៅលើបញ្ហាសុខភាព ធ្ងន់ធ្ងររបស់អ្នកជំងឺ ហើយខេត្តសៀមរាបក៏ជាខេត្តទេសចរណ៍ ដូច្នេះសេវាសុខាភិបាលត្រូវធ្វើឱ្យមានគុណភាពផងដែរ៕