(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

នាឱកាសនោះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្ពុជាបានឈានដល់របត់ថ្មីមួយទទួលបានចំណូលពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួន! ដោយសារតែកត្តាសុខសន្តិភាពពេញលេញ យើងមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit)ក្នុងគម្រោង រេដបូក គម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា រេដបូក គឺជាយន្តការហិរញ្ញវត្ថុនិរន្តរភាព (Sustainable Financing Mechanism) ដើម្បីគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្បូរទៅដោយព្រៃឈើ ទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងប្រទេសសាម៉ី និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងសកលលោក។

លោកបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង៣ ខាងលើនេះ កន្លងមកបាបទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែក។

ទន្ទឹមនឹងនេះលោក នេត្រ ភក្ត្រា បានបន្តថា គម្រោងរេដបូកទាំង៣ ខាងលើ គ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១,២៧លានហិកតា ស្មើនឹង១៧,៦ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦លានហិកតា (ស្មើនឹង ៣៤,១ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។

«នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា៕