(ព្រៃវែង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ម្សិលមិញ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព លោក ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

លោករដ្ឋមន្ត្រី និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល មានសេចក្តី ក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ញាណ វិបុល បានទទួលមរណភាព កាលពីវេលាម៉ោង ៩៖៣០នាទីយប់ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

មរណភាព លោក ញាណ វិបុល គឺជាការបាត់បង់នូវមន្ត្រីដ៏សកម្មមួយរូប ដែលត្រូវជាប្អូន ជាបង ឪពុក ឪពុកក្មេក និងជាជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែង បានលះបង់ខ្ពស់ទាំងកម្លាំងកាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការងារមនុស្សធម៌ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន ដោយទទួលបាននូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ព្រមទាំងលោកផ្ទាល់ សូមសម្ដែងនូវការសោកស្តាយជាអនេក ចំពោះការបាត់បង់មន្ត្រីដ៏ឆ្នើម និងជាទីគោរព ដែលពេញមួយជីវិតរបស់លោកបានចូលរួមយ៉ាងសកម្មក្នុងការងារបម្រើប្រទេសជាតិ មាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធសពលោក ញាណ វិបុល ជាទីគោរពស្រឡាញ់ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕