(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ តាមការគ្រោងទុក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ត្រូវបន្តជំនុំជម្រះលើសំណុំរឿងអតីតឧត្ដមសេនីយ៍ផ្កាយ៣ និងជាឧកញ៉ា គឺលោក ឌួង ងៀប ជាមួយជនជាតិចិនតៃវ៉ាន់ ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និងចេញសែកច្រើនលានដុល្លារ ប៉ុន្តែការជំនុំជម្រះ ត្រូវបានគើលើកពេលទៅវិញ ជាមួយអវត្តមានរបស់លោក ឌួង ងៀប។

សូមបញ្ជាក់ថា អតីតឧត្តមសេនីយ៍ ឌួង ងៀប ត្រូវបានតុលាការបដិសេធលើបណ្តឹងសុំក្រៅនៅឃុំ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយចៅក្រមជំនុំជម្រះ បានសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប ពោលគឺបន្តអនុវត្តន៍ច្បាប់បានកំណត់។ ការសម្រេចរបស់ចៅក្រមនេះ គឺបន្ទាប់ពីតុលាការ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកអតីតឧកញ៉ា ឌួង ងៀប មកជំនុំជម្រះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមការស្នើសុំរបស់ជនត្រូវចោទ។

សូមបញ្ជាក់ថា នៅដំណាក់កាលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ ឌួង ងៀប រួចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន (នៅក្នុង PJ) ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និងចេញសែកច្រើនលានដុល្លារប្រព្រឹត្តកាលពីចន្លោះឆ្នាំ២០២០-២០២១។

លោក ឌួង ងៀប ដែលមានតួនាទីជាឧត្តមសេនីយ៍នៅក្រសួងមហាផ្ទៃ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង៧លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន២នាក់៕