(ក្រចេះ)៖ សាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល គណៈគ្រប់គ្រង មន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីមធ្យម ថ្នាក់ចតុមុខ ក្រុម២ ឆ្នាំ២០២២ មានចំនួនសរុប ៦៤នាក់ (ស្រី១៧នាក់) ព្រមទាំងសហការី លើគម្រោងអភិវឌ្ឍន៍សហគមន៍ បៃតង និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្រោមប្រធានបទ «ជំរុញការសិក្សាដល់សិស្សានុសិស្ស» ស្ថិតនៅសាលាបឋមសិក្សាម្រ៉ើម ក្នុងភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

ក្នុងសកម្មភាពដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក យក់ ប៊ុនណា ដែលជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ផងនោះ បានសំណេះសំណាលជាមួយលោកយាយលោកតា ពូមីង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មតេ្តយ្យសិក្សា អាជ្ញាធរមូលដ្ឋាន និងបាននាំយកនូវឫស្សីទំពាំងផ្អែម ដែលជាការឧបត្ថម្ភគាំទ្រពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងកូនឈើក្រញូង កូនឈើស្តៅ ដែលជាការឧបត្ថម្ភពីរដ្ឋបាលខណ្ឌព្រៃឈើខេត្តក្រចេះ ដើម្បីចែកជូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សាប៊ូ ជេលអាល់កុល និងថវិកាទ្រទ្រង់មួយចំនួន ជូនដល់អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស មតេ្តយ្យសិក្សា និងអាជ្ញាធរមូលដ្ឋាន ដែលជាថវិកាផ្ទាល់របស់លោក និងកម្មសិក្សាការី រួមជាមួយការឧបត្ថម្ភរបស់សប្បុរសជននានាផ្ដល់ជូនដល់លោកយាយលោកតា ពូមីង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មតេ្តយ្យសិក្សា អាជ្ញាធរមូលដ្ឋាន នៅសាលាបឋមសិក្សាម្រ៉ើម ភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សាប៊ូ ជេលអាល់កុល និងថវិកាទ្រទ្រង់ ដែលត្រូវបានចែក រួមមាន៖

* សម្ភារសិក្សាដូចជា៖ សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ ក្តារឈ្នួន កាបូបសិស្ស កាបូបតូច សម្រាប់សិស្សានុសិស្សនៅសាលាបឋមសិក្សាម្រ៉ើម ថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន ១៣៦នាក់ និង មតេ្តយ្យសិក្សាសហគមន៍ ចំនួន ៣៧នាក់ សរុបទាំងអស់ ចំនួន ១៧៣នាក់
* ឧបត្ថម្ភថវិកាជូនលោកគ្រូអ្នកគ្រូចំនួន ៧នាក់ ក្នុង០១នាក់ ចំនួន ១០ម៉ឺនរៀល
* ឧបត្ថម្ភថវិកាជូនអ្នកគ្រូមត្តេយ្យ ចំនួន ១នាក់ ចំនួន ១០ម៉ឺនរៀល
* ឧបត្ថម្ភថវិកាជូនអាជ្ញាធរមូលដ្ឋាន និងប្រជាការពារ ចំនួន ៣០ម៉ឺនរៀល
* កូនឬស្សីទំពាំងផ្អែម ចំនួន ៣៤៥ដើម កូនឈើក្រញូង ចំនួន ១០០ដើម និងកូនឈើស្តៅ ចំនួន ៥០ដើម
* គ្រឿងឧបភោគបរិភោគរួមមាន៖ ទឹកសុទ្ធ ចំនួន ៥០កេស (សម្រាប់វេទិកាសាធារណៈ ១២កេស) ទឹកស៉ីអ៉ីវ (សម្រាប់វេទិកាសាធារណៈ ចំនួន ១២កេស) ចាហ៊ួយ ចំនួន ២០កេស នំស្រួយលីលី ៥០០កញ្ចប់តូច
* សម្ភារមួយចំនួនទៀតរួមមាន៖ ថ្នាំពេទ្យ ម៉ាស់ ជែលអាល់កុល សាប៊ូដុំដុសខ្លួន សាប៊ូទឹកដុសខ្លួន សាប៊ូកក់សក់។

ពិធីជួបជុំការងារសង្គមក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍បៃតង និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្រោមប្រធានបទ «ជំរុញការសិក្សាដល់សិស្សានុសិស្ស» បានប្រព្រឹត្តិទៅដោយភាពជោគជ័យ ប្រកបដោយស្មារតីសហការរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព៕