(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការបោសសំអាតអនាម័យ បរិស្ថាន រៀបចំសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណវត្តកោះតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីលើកស្ទួយសោភ័ណភាពបរិស្ថាន ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យុទ្ធនាការនេះបានដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ដែលទើបនឹងប្រកាសតែងតាំងថ្មី ក្រោមការណែនាំរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ។

លោក ចាប ឌីណា បានឱ្យដឹងថា ក្រោយពីទទួលបានបញ្ជាពីអភិបាលរាជធានីភ្នំពេញ និងការណែនាំរបស់អភិបាលខណ្ឌ លោកបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះបោសសំអាតអនាម័យ និងរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណជុំវិញវត្តកោះ ដើម្បីលើកស្ទួយសោភ័ណភាពបរិស្ថាន ដែលជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ជាពិសេសដើម្បីលើកស្ទួយសោភ័ណភាពរាជធានីភ្នំពេញ ជាដើម៕