(ភ្នំពេញ)៖ ដោយសារតែអស់ជំនឿលើការដឹកនាំ និងនយោបាយបោកប្រាស់របស់ទណ្ឌិត សម រង្ស៉ី, អតីតសកម្មជនជើងខ្លាំងអតីតគណបក្សសង្គ្រោះជាតិ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រកាសដើរចេញ និងមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែក និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីបញ្ចូលសមាជិកថ្មីនេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃ២៧ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឡោក ឆាយ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ តំណាងលោក អ៊ុ សារិទ្ធ ប្រធានក្រុមការងារចុះជួយ ខណ្ឌជ្រោយចង្វារ និងលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ និងលោក លីម សុភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកយ៉ាងច្រើនផងដែរ។

យោងតាមការប្តេជ្ញាចិត្ត និងចំណាប់អារម្មណ៍របស់លោក គង់ វណ្ណៈសិទ្ធ តំណាងឱ្យសមាជិកសមាជិកាទាំង១២នាក់ បានបញ្ជាក់ថា ពួកគាត់មានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដែលពីមុនលង់ខ្លួនចាញ់បោកតាមការញុះញង់ អូសទាញរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀន ដែលបានញុះញង់ឱ្យខ្មែរបែកបាក់ ដើម្បីធ្លាក់ចូលនៅ ក្នុងនយោបាយបដិវត្តន៍ពណ៌របស់បរទេស ប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សដ៏ល្អបរិសុទ្ធ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នករំដោះប្រទេសជាតិឱ្យផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងបានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាបាននូវសុខសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។

អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ បានបន្តលើកឡើងថា ថ្មីៗនេះសម្តេចតេជោ បានខិតខំប្រឹងប្រែងស្វែងរកវាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាសកល។ ដោយមើលឃើញពីការយកចិត្តទុកដាក់ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបពួកគាត់ទាំងអស់គ្នាសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន មកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។

ដើម្បីបញ្ជាក់នូវសក្ខីភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ យើងទាំងអស់គ្នាសូមធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖

*ទី១៖ ប្តេជ្ញាកៀរគរប្រមូលសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដែលនៅសេសសល់ឱ្យមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។
*ទី២៖ ប្តេជ្ញាអនុវត្តឱ្យបានល្អ ស្របតាមពាក្យស្លោក សមាជិកបក្សម្នាក់ គឺសន្លឹកឆ្នោតមួយសន្លឹក បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។
*ទី៣៖ ប្តេជ្ញាគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ឱ្យបន្តធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត និងបន្តគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។

នៅក្នុងឱកាសនោះលោក ឡោក ឆាយ និងលោក ឃ្លាំង ហួត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិក សមាជិកា ដែលជាអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ដែលបានភ្ញាក់រឮកពីការចាញ់បោកនយោបាយរបស់ទណ្ឌិត សម រង្ស៉ី និងបានងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលសន្តិភាព ដែលបានដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា។

លោកទាំងពីរបានបញ្ជាក់ថា ការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ រស់នៅបានសុខស្រួលដូចសព្វថ្ងៃ។

សម្រាប់លោក ឃ្លាំង ហួត ការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា នឹងធ្វើឱ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀតដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិសង្កាត់ឱ្យកាន់តែរីកចម្រើន។ លោកបានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានតែការបង្រួបបង្រួបបង្រួមជាតិការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនបំបែកបំបាក់ជាតិ ដែលនាំឱ្យសង្គកម្ពុជាវឹកវរចលាចល តាមរយៈការញុះញង់ លាបពណ៌ និងការរើសអើងជាតិសាសន៍ជាដើម៕