(ភ្នំពេញ)៖ CamDX ដែលជាកម្មវិធីបច្ចេកវិទ្យាថ្នាលផ្លាស់ប្តូរទិន្នន័យ អភិវឌ្ឍទាំងស្រុងដោយអ្នកអភិវឌ្ឍកម្មវិធីខ្មែរ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងចាត់ទុកវត្តមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)នេះ បានធ្វើឱ្យកម្ពុជាដើរស្របជាមួយនឹងប្រទេសឈានមុខ ដូចជា ជប៉ុន ហ្វាំងឡង់ អ៊ីសស្លង់ ។ល។ នេះបើយោងតាមការ Nordic Institute for Interoperability Solutions – NIIS ជាស្ថាប័នអភិវឌ្ឍថ្នាលផ្លាស់ប្ដូរទិន្នន័យ X-Road របស់ប្រទេសអេស្ដូនី បានផ្សព្វផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ។

ទន្ទឹមនេះ ក៏មានការលើកយកកម្ពុជា និង ថ្នាល CamDX ជាករណីសិក្សា (Case Study) ជាបន្តបន្ទាប់ ក្នុងរបាយការណ៍ស្ដីពី «មូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បរិយាប័ន្នសេដ្ឋកិច្ចឌីជីថល» របស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី និង របាយការណ៍ស្ដីពី «ការទាញយកសក្ដានុ-ពលរបស់ Big Data នៅអាស៊ីអាគ្នេយ៍ ក្នុងយុគសម័យក្រោយការរាតត្បាតជំងឺកូវីដ-១៩» របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។ ការគូសរំលេចជាអន្តរជាតិនេះ បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ បន្ទាប់ពីមើលឃើញនូវវឌ្ឍនភាពដ៏គួរកត់ឱ្យសម្គាល់របស់កម្ពុជា។

ថ្នាល CamDX ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ កន្លងទៅ ស្របពេលការដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ ថ្នាលនេះ មានពាក្យពេញជាភាសាខ្មែរថា «ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា» ឬ ជាភាសាអង់គ្លេសថា «Cambodia Data eXchange» ដែល ប្រើប្រាស់សម្រាប់ការផ្លាស់ប្ដូរទិន្នន័យពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត។ ការរៀបចំយន្តការបច្ចេកវិទ្យាក្នុងការផ្លាស់ប្តូរទិន្នន័យ បានសម្រួលដល់ការបំពេញការងារប្រកបដោយប្រសិទ្ធ-ភាពចំពោះអ្នកផ្ដល់សេវា ជាពិសេសវិស័យសាធារណៈ និង កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំពោះអ្នកទទួលសេវា។

«ជាឧទាហរណ៍ រាល់ការចុះបញ្ជីពន្ធដារតម្រូវឱ្យមានទិន្នន័យមួយចំនួនដូចគ្នាទៅនឹងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរទិន្នន័យរវាងក្រសួង-ស្ថាប័នទាំងពីរនៅលើថ្នាល CamDX បានជួយឱ្យការផ្តល់សេវាបានលឿនជាងមុនជូនដល់អ្នកទទួលសេវា ប្រកបដោយភាពជឿទុកចិត្ត ដោយទិន្នន័យដែលបានផ្លាស់ប្តូរជាទិន្នន័យដើមរបស់ស្ថាប័នជំនាញ»

ថ្នាល CamDX ត្រូវបានប្រើប្រាស់ក្នុងសេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, សេវាផ្ដល់លិខិតបញ្ជាក់លើការអញ្ជើញ និង ការធានា សម្រាប់វិនិយោគិនដែលធ្វើដំណើរមកកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ កាលពីឆ្នាំ ២០២១ កន្លងទៅ និង ប្រព័ន្ធវាយ-តម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។ សេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកំពុងតែពង្រីកវិសាលភាពដោយបញ្ចូលសេវាសាធារណៈពីក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត។ មិនត្រឹមតែស្ថាប័នរដ្ឋដែលជាសមាជិករបស់ CamDX, វិស័យឯកជនក៏បាន និង កំពុងស្នើសុំចូលជាសមាជិក CamDX ដែលក្នុងនោះរួមមាន ធនាគារហត្ថា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី។

យន្តការផ្លាស់ប្ដូរទិន្នន័យបែបនេះ ត្រូវបានប្រើប្រាស់នៅប្រទេសអេស្ដូនី និង នៅអ៊ឺរ៉ុបរួចទៅហើយ ហើយទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ។ ដូច្នេះ ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និង សង្គមឌីជីថលរបស់កម្ពុជា បច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាលឌីជីថលគន្លឹះដូចជាថ្នាល CamDX នេះដើរតួនាទីយ៉ាងស្រួចស្រាល់ ក្នុងការឆ្កឹះនវានុវត្តន៍ និង បណ្ដុះបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យក្នុងចរន្តសេដ្ឋកិច្ច។

ជាមោទនភាពសម្រាប់កម្ពុជា ដែលថ្នាល CamDX ត្រូវបានអភិវឌ្ឍទាំងស្រុងដោយអ្នកអភិវឌ្ឍកម្មវិធីខ្មែរហើយថ្នាលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងក្លៀវក្លាពីថ្នាក់តំបន់ និង អន្តរជាតិ ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចុះផ្សាយរបាយការណ៍ពីសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ និង ការស្នើសុំចែករំលែកបទ-ពិសោធន៍នៃភាពជោគជ័យនេះក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំ និង សិក្ខាសាលាផ្សេងៗ។

ថ្នាល CamDX គឺជាប្រព័ន្ធអេកូឡូស៊ីដែលមានបច្ចេកវិទ្យាគន្លឹះផ្សេងៗទៀតរួមមាន ថ្នាល CamDigiKey ដែលជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនឌីជីថល មានគណនី CamDigiKey តែមួយ អាចប្រើប្រាស់សម្រាប់ log in ចូលសេវាឌីជីថលផ្សេងៗជាច្រើនដែលតភ្ជាប់មក CamDX, ហត្ថលេខាឌីជីថល ដែលជាបច្ចេកវិទ្យាសម្រាប់ផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃប្រតិបត្តិការឌីជីថល ឬឯកសារឌីជីថល និង CamDL ដែលជាបច្ចេកវិទ្យាប្លក់ឆេនបែបវិមជ្ឈការ សម្រាប់បង្កើត និង ដំណើរការកម្មវិធី Web 3.0 នានា។

សិក្ខាសាលាស្ដីពី «ថ្នាលគ្រឹះឌីជីថល» ដែលនឹងមានការបកស្រាយលើបច្ចេកវិទ្យាទាំងនេះ នឹងដាក់ផ្សាយផ្ទាល់លើគេហទំព័រក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ២ រសៀល ខាងមុខនេះ៕