(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កាលពីម្សិលមិញនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចំនួន២កន្លែង រកឃើញជនបរទេស៤០នាក់ទៀត ដែលក្នុងនោះមានមួយចំនួនចូលមកកម្ពុជាដោយខុសច្បាប់ និងមួយចំនួនចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញ។

ករណីទី១ បានត្រួតពិនិត្យ អគារមួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយរកឃើញជនបរទេសចូលមកថ្មីខុសច្បាប់ដើម្បីបម្រើការងារអនឡាញដែលក្នុងនោះសុទ្ធសឹងតែជនជាតិចិន។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការចង្អុលបង្ហាញពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រោយប្រតិបត្តិការនេះ សមត្ថកិច្ចក៏បាននាំខ្លួន អ្នកគ្រប់គ្រង់៣នាក់ (ជនចិន) ដើម្បីធ្វើការសាកសួរផងដែរ ក្នុងនោះមាន៖

១៖ ឈ្មោះ GUEI YUCHIANG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ អ្នកគ្រប់គ្រងអគារ ជីងសារ អ្នកគ្រប់គ្រង។
២៖ ឈ្មោះ YANG JIANHONG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកសន្តិសុខអគារ លិស៊ឹង ។
៣៖ ឈ្មោះ XU LIANGFU ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរជាងភ្លើង ។

ចំណែកករណីមួយទៀត បានប្រតិបត្តិការនៅម៉ោងជាង៣រសៀល ដោយសមត្ថកិច្ចបានចុះទៅក្រុមហ៊ុនមួយកន្លែងឈ្មោះ ជីនប៉ី៤ ដែលមានទីតាំងស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងដោយមានការសហការពីម្ចាស់ទីតាំងខាងលើកម្លាំងនគរបាលយើងបានជួយសង្រ្គោះជនបរទេស៥នាក់ (ស្រី ០១នាក់) ដែលសញ្ជាតិម៉ាឡេសុី និងនាំខ្លួនអ្នកគ្រប់គ្រង១នាក់ដែលជាជនជាតិម៉ាឡេសុី មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។

* ជនរងគ្រោះចំនួន ០៥នាក់ មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ JOCELYN WONG NGIIK CHEN ភេទស្រី កើតថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០០ (អាយុ ២២ឆ្នាំ) ជនជាតិ ម៉ាឡេស៊ី
២៖ ឈ្មោះ LEWIS NG ZHANG REN ភេទប្រុស កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ ១៩៩៥ (អាយុ ២៧ឆ្នាំ) ជនជាតិម៉ាឡេស៊ី
៣៖ ឈ្មោះ KEITH KONG JIA CHIEH ភេទ ប្រុស កើតថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៩៧ (អាយុ ២៥ឆ្នាំ) ជនជាតិម៉ាឡេស៊ី
៤៖ ឈ្មោះ CHUNG KA TECK ភេទប្រុស កើតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០១ (អាយុ ២១ឆ្នាំ) ជនជាតិម៉ាឡេស៊ី
៥៖ ឈ្មោះ CHUNG KA CHAI ភេទប្រុស កើតថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ (អាយុ ១៩ឆ្នាំ) ជនជាតិម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ក្រោយពីបានធ្វើការសាកសួរទៅលើជនជាតិម៉ាឡេស៊ីទាំង៥នាក់ បានឱ្យដឹងថា ពួកគេបានចូលមកកម្ពុជាដើម្បីមកធ្វើការងារ ដែលបានទំនាក់ទំនងមកតាមរយៈការផ្សព្វផ្សាយ (FACEBOOK) ដោយប្រាប់ថា ទទួលបានប្រាក់ខែច្រើន ចាប់ពី១៨០០$ (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) ក្នុងមួយខែ ហើយឱ្យធ្វើការងារផ្នែកគ្រប់គ្រង។ ក្នុងពេលធ្វើដំណើរពីប្រទេសម៉ាឡេស៊ី គឺខាងក្រុមហ៊ុនជាអ្នកចំណាយទាំងអស់ (ហូបចុក និងការស្នាក់នៅ) ហើយពេលមកដល់កម្ពុជា មានរថយន្តនៅចាំទទួលហើយដឹកមកចូលធ្វើការងារនៅខេត្តព្រះសីហនុតែម្តង តែបែរជាអោយពួកគេធ្វើការងារផ្នែកអនឡាញទៅវិញ។

ក្រោយពេលធ្វើការងារបានប្រហែល០២ខែ ខាងក្រុមហ៊ុនក៏បញ្ជូនពួកគេពីទីតាំងក្រុមហ៊ុន១ ទៅក្រុមហ៊ុន១ទៀត រហូតដល់ក្រុមហ៊ុនជីនប៉ី៤ ដែលមានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយពេលទៅដល់ខាងក្រុមហ៊ុនបានដកយកលិខិតឆ្លងដែន និងទូរស័ព្ទដៃចេញទាំងអស់ និងបានចុះកិច្ចសន្យាការងាររយៈពេល១ឆ្នាំផងដែរ ដោយទទួលប្រាក់ខែ ៩០០$ ទៅ ១០០០$ តែប៉ុណ្ណោះ។ ក្នុងកំឡុងពេលធ្វើការងារនៅក្រុមហ៊ុនជីនប៉ី៤ ពួកគេឱ្យធ្វើការងារផ្នែកអនឡាញដដែល ហើយពួកគេបានបង្ខំឱ្យធ្វើការច្រើនម៉ោង ពី១៧ម៉ោង ទៅ១៨ម៉ោង ក្នុង១ថ្ងៃ ហើយមិនបានបើកបា្រក់ខែទៅតាមការព្រមព្រៀង ដោយត្រូវបានកាត់បន្ថយតាមការងារជាក់ស្តែងទៅវិញ។ ដោយមានការនឿយហត់នឹងការងារ ពួកគេក៏បានទៅសុំក្រុមហ៊ុនលាឈប់ តែពួកគេមិនអនុញ្ញាតលុះត្រាតែបង់លុយឱ្យក្រុមហ៊ុនវិញ ២២០០០ដុល្លារ ទើបអាចឈប់បាន និងគម្រាមបញ្ជូនបន្តទៅក្រុមហ៊ុនផ្សេងនៅប្រទេសមីយ៉ាន់ម៉ា ទៀតផង។ ដោយមានការភ័យខ្លាចនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពួកគេក៏បានរួមគំនិតគ្នាប្តឹងទៅស្ថានទូត ដើម្បីសុំជួយអន្តរាគមន៍សង្គ្រោះចេញពីក្រុមហ៊ុនតែម្តង។

ពួកគេទាំង៥នាក់ ក្នុងកំឡុងពេលធ្វើការងារនៅក្នុងក្រុមហ៊ុន ពួកគេពុំមានការធ្វើទារុណកម្មលើរូបរាងកាយ ឬបង្ខាំងអ្វីនោះទេ គឺគ្រាន់តែខាងក្រុមហ៊ុននិយាយគម្រាម និងឱ្យធ្វើការងារលើសម៉ោងកំណត់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ពួកគេទាំង០៥នាក់ ចង់ឈប់ធ្វើការងារ ហើយត្រឡប់ទៅប្រទេសកំណើតវិញ៕