(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីអំពាវនាវមួយ ឲ្យពលករ និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងធ្វើការ និងរស់នៅកូរ៉េខាងត្បូង កុំជឿលើការញុះញង់ និងឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត។

ស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង បានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យពលរដ្ឋខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។

ស្ថានទូតសូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖

១៖ ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួន អោយបោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគត ទៅថ្ងៃខាងមុខ។

២៖ ការវិលត្រលប់ទៅកម្ពុជាយ៉ាងប្រញ៉ាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះនិងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ ផលិតកម្មរបស់និយោជកកូរ៉េរ៉ងនូវផលប៉ះពាល់ផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ សូមធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាង ការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់របស់បងប្អូននាពេលអនាគត។

ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ បានជួបបទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ស្ថានទូត +៨២ ២ ៣៧៨៥ ១០៤១ ស្ថានទូតនឹងជួយគាំពារ និងសម្របសម្រួលតាមផ្លូវច្បាប់៕