(ភ្នំពេញ)៖ ដោយលើកស្ទួយការអាន និងគោរពស្រឡាញ់គាំទ្រថ្នាក់អ្នកដឹកនាំជំនាន់ថ្មី ប្រធានពន្ធដារពីររូបនៅរាជធានីភ្នំពេញបានជាវសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» ក្នុងម្នាក់ៗចំនួន១០០ច្បាប់ ដើម្បីយកទៅចែកជូនមន្រ្តី បុគ្គលិក និងបងប្អូនកូនក្មួយរបស់ខ្លួន។

បន្ទាប់ពីបានអានអត្ថបទព័ត៌មាន នៅក្នុងបណ្តាញព័ត៌មាន Fresh News ដែលចុះផ្សាយពីសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» កន្លងមក លោក ហៀង ស្រ៊ុន ប្រធានសាខាពន្ធដារខណ្ឌសែនសុខ និងលោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដារខណ្ឌ៧មករា ក៏មានការចាប់អាម្មណ៍ ហើយស្វែងរកអ្នកនិពន្ធ ដើម្បីជាវសៀវភៅនេះ ទុកអានខ្លួនឯងផង និងទុកចែកជូនមន្រ្តីក្រោមឱវាទ និងបងប្អូនកូនក្មួយផងទុកអានផង។

លោក យិន ចិន្តាវុឌ្ឍ បាននិយាថា «ជាការពិត ខ្ញុំបានស្គាល់ស្នាដៃជាច្រើនរបស់អ្នកនិពន្ធ ឆាយ សុផល កន្លងមក ហើយពេលនេះ ខ្ញុំឃើញថា មានសៀវភៅថ្មីរបស់គាត់ចេញផ្សាយ ហើយជាសៀវភៅដែលរៀបរាប់ពីថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលខ្ញុំគោរពស្រឡាញ់ផង ខ្ញុំក៏ស្វែងរកអ្នកនិពន្ធ ដើម្បីបានសៀវភៅនេះទុកអានជាគតិ»

លោក យិន ចិន្តាវុឌ្ឍ បន្តថា បន្ទាប់ពីបានអានត្រួសៗមក លោកឃើញថា មានចំណុចជាច្រើនគួរឱ្យចាប់អារម្មណ៍ ជាពិសេសទ្រឹស្តី និងយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំ សម្រាប់ទាំងបច្ចុប្បន្ន និងអនាគត លោកក៏សម្រេចចិត្តជាវសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» ចែកជូនមន្រ្តី បុគ្គលិក និងកូនក្មួយទុកអានជំនួយសតិ និងទុកឯកសារជំនួយស្មារតី។

ចំណែកឯលោក ហៀង ស្រ៊ុន វិញ ក៏បានបញ្ជាក់ដែរ គាំទ្រស្នាដៃអ្នកនិពន្ធជារឿងមួយ ឯរឿងសំខាន់គឺគោរពស្រឡាញ់ថ្នាក់ដឹកនាំ ហើយថា «បើនិយាយឱ្យត្រង់ទៅ មានរឿងខ្លះ ខ្ញុំមិនបានដឹងសោះឡើយ ដែលមានសរសេរនៅក្នុងសៀវភៅនេះ។ អានសៀវភៅរួចហើយ យើងពិតជាដឹងច្បាស់ពីសាវតាររបស់ថ្នាក់ដឹកនាំរបស់យើង ដែលតស៊ូទម្រាំមានពេលបច្ចុប្បន្ននេះ»

លោកបន្តថា «ដើម្បីលើកទឹកចិត្តអ្នកនិពន្ធ និងជំរុញទឹកចិត្តគាត់ឱ្យបន្តសរសេរសៀវភៅទៀត ខ្ញុំក៏ជួយជាវសៀវភៅ ហើយខ្ញុំគិតថា ការអានសៀវភៅនេះ ពិសេសយុវជន ក៏អាចជួយបណ្តុះគំនិតខ្លះដែលអាចជាការជួយតម្រង់ស្មារតីសម្រាប់ប្រកបកិច្ចការនៅក្នុងជីវិតដែរ»

សូមបញ្ជាក់ថា សៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយសេដ្ឋកិច្ចសង្គមផងដែរ ហើយត្រូវបានបោះពុម្ភផ្សាយចំនួន២ម៉ឺនច្បាប់ នៅដើមខែសីហានេះ។

អ្នកនិពន្ធ ឆាយ សុផល បញ្ជាក់ថា សៀវភៅនេះមានចែកជូនឱ្យបណ្ណាល័យ សាកលវិទ្យាល័យមួយចំនួន យុវជន និស្សិតនៅរាជធានី-ខេត្ត និងមួយចំនួនដាក់នៅបណ្ណាគារ ដើម្បីឱ្យមិត្តអ្នកអានស្វែងយល់ពីអនាគតអ្នកបន្តវេន៕