(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង ក្នុងនោះបានបំផ្លាញរថយន្តចំនួន១២គ្រឿង និងម៉ូតូ២គ្រឿង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៥០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង នៅជិតអង់តែនទួលគោក ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាក ក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែចរន្តអគ្គីសនីមិនទាន់បានត្រូវបិទ ជាហេតុពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ ហើយអណ្ដាតភ្លើងឆាបឆេះលឿន យ៉ាងសន្ធោសន្ធៅ រាលដាលដល់ឃ្លាំងលក់រថយន្តជិតខាង។ តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញរបស់យើង នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ឃ្លាំងផ្សេងទៀត របស់បងប្អូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង ២០គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង២៖៣៥នាទីយប់ថ្ងៃដដែល៕

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះឃ្លាំងលក់រថយន្ត និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) សាងសង់អំពីដែកប្រក់ស័ង្កសី។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕