(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញវីដេអូថ្មីមួយទៀតរំលេចពីទស្សនទានរវាងមនោសញ្ចេតនា និងការងារ។

 វីដេអូថ្លែងក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូនយោធិនត្រូវចូលសោធននិវត្តន៍ឆ្នាំ២០១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត បានចែករំលែកពីការសម្រេចចិត្តពាក់ព័ន្ធការជ្រើសរើសកងទ័ព។ ការងារជ្រើសរើសកងទ័ពនេះ បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត ជួបការលំបាកក្នុងការសម្រេចចិត្តព្រោះត្រូវបែកចែករវាងមនោសញ្ចេតនា និងការងារ។

លោក ហ៊ុន ម៉ាណែត បានគូសរំលេចថា នៅពេលជ្រើសរើសកងទ័ពតែងមានការសុំអន្តរាគមន៍ពីសំណាក់និវត្តន៍ជនដែលជាមន្ត្រីយោធា ឬនគរបាលជាដើម ដើម្បីឱ្យកូនរបស់ពួកគេបានចូលកងទ័ព។ ក្នុងនោះមាននិវត្តន៍ជនជាអាណាព្យាបាល បានថ្នាំងថ្នាក់ និងស្អប់លោកថែមទៀត ព្រោះតែការអន្តរាគមន៍មិនបាន។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វាជាការងារដ៏លំបាកមួយសម្រាប់លោកនៅពេលការស្នើសុំ ឬអន្តរាគមន៍បែបនេះ ព្រោះថា បើឱ្យត្រូវឱ្យទាំងអស់គ្នា បើអត់ត្រូវអត់ទាំងអស់គ្នា បើមិនដូច្នោះទេអ្នកបានរីករាយ អ្នកអត់បាន គឺមិនរីករាយនោះឡើយ។ ដូច្នេះដើម្បីឱ្យមានតម្លភាព និងអាចទទួលបានទាំងអស់គ្នា គឺមានតែការប្រឡងប៉ុណ្ណោះ។ សម្រាប់ លោក ហ៊ុន ម៉ាណែត ការប្រឡង គឺជារឿងយុត្តិធម៌សម្រាប់គ្រប់គ្នា ពោលអ្នកមានសមត្ថភាព គឺជាប់។

ផ្តើមពីបទពិសោធន៍លើការងារនេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញទស្សនទានរវាងមនោសញ្ចេតនា និងការងារយ៉ាងដូច្នេះថា មនោសញ្ចេតនា ត្រូវប្រកាន់យកមនោសញ្ចេតនាដែលមានលក្ខណៈទូលំទូលាយបំផុត ដែលផ្តល់នូវការយោគយល់ស្មើគ្នា។ ដោយឡែកការងារ ត្រូវប្រកាន់ជំហរច្បាស់លាស់ ដោយផ្អែកលើគោលការណ៍តម្លាភាព និងយុត្តិធម៌។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នាយទាហានបញ្ចប់ការសិក្សាពីសាលាយោធារបស់អាមេរិក ត្រូវបានគេដឹងថា ជាមន្ត្រីយោធាជាន់ខ្ពស់មួយរូប ដែលបានធ្វើកំណែទម្រង់យ៉ាងច្រើនក្នុងជួរកងទ័ពជើងគោក ជាពិសេសការពង្រឹងវិន័យរបស់កងទ័ព៕