(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានចាប់ផ្តើមដំណើរការកម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ជាផ្លូវការ ដែលមានការចូលរួមសហការជាមួយដៃគូយុទ្ធសាស្រ្តរបស់ខ្លួនមានដូចជា សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍អាជីវកម្ម និងឱកាសភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្មសម្រាប់ជួយដល់ស្រ្តីក្នុងវិស័យ អាជីវកម្ម មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម។

កម្មវិធីបណ្តុះបណ្តាលនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់ និងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្ម តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដ៏មួយនេះ។ កម្មវិធីបណ្តុះបណ្តាលនេះមានបញ្ចូលវគ្គសិក្សាដូចជា ការអភិវឌ្ឍជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញគ្រប់គ្រង អាជីវកម្មសម្រាប់សហគ្រិន ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកទីផ្សារ និងលក់។

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានបានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះបានកើតចេញជារូបរាងជាផ្លូវការ សម្រាប់ផ្តល់ជូន នូវដំណោះស្រាយដល់សហគ្រិនស្រ្តីដែលមានឧបសគ្គក្នុងការរក្សាស្ថិរភាពអាជីវកម្ម និងបន្តពង្រីកអាជីវកម្មរបស់ពួកគាត់។ ភាពជោគជ័យនៃកម្មវិធីនេះនឹងបង្កើតនូវផល ជាវិជ្ជមានរយៈពេលវែងទៅដល់សង្គម និងសេដ្ឋកិច្ចជាតិ ក៏ដូចជាប្រជាជនកម្ពុជា និងសហគមន៍ទាំងមូលផងដែរ។

កញ្ញា Jennifer Lee អគ្គនាយិកាប្រតិបត្តិអភិវឌ្ឍន៍ បានឱ្យដឹងដែរថា ធនាគារ ស្ថាបនា ដើរតួនាទីយ៉ាងសកម្មបំផុតលើការលើកកម្ពស់សហគ្រិនស្រ្តី និងគាំទ្ររាល់ គម្រោងដែលពង្រីកដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងមិនមែនសេវាហិរញ្ញវត្ថុ។

កញ្ញាបានបន្ថែមទៀតថា ជាមួយនឹងកម្មវិធីបណ្តុះបណ្តាលនេះធ្វើឱ្យនាងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយគោលបំណងបង្កើតថ្នាក់រៀន និងសហគមន៍មួយដែលមាន សារៈប្រយោជន៍ក្នុងការបង្វិល និងផ្តល់ការយកចិត្តទុកដាក់ទៅលើសហគ្រិនស្រ្តី។ តាមរយៈកម្មវិធីនេះនាងសង្ឃឹមយ៉ាងមុតមាំថា សហគ្រិនទាំងអស់នឹងមានវត្តមាន ចូលរួមសិក្សា ដើម្បីមកទទួលយកចំណេះដឹង និងបង្កើតបណ្តាញទំានក់ទំនងទៅវិញទៅមក។

សូមបញ្ជាក់ដែរថាកម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» នឹងផ្តល់ជូននៅវគ្គសិក្សាចំនួន ៥ក្រុម ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដែលមានចំនួន ៤វគ្គក្នុងមួយក្រុម។ ក្រុមនីមួយនឹងត្រូវបានបង្រៀនដោយអ្នកជំនាញបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មចំនួនពីររូប។ សម្រាប់ក្រុមទី១ នឹងធ្វើការទទួលពាក្យចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះតទៅ ដោយអាចធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់ via https://forms.microsoft.com/r/dNausSrKxK ដែលមាននៅលើទំព័រ Facebook របស់ធនាគារ ស្ថាបនា។

សូមជម្រានថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ បណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។
មានសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាព ងាយស្រួលបន្ថែមទៀតដល់អតិថិជន។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវ សេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តដើម្បីបម្រើ អតិថិជនឱ្យបានកាន់តែល្អប្រសើរ៕