(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុង លើការចោទប្រកាន់ពីសំណាក់បុគ្គលមួយក្តាប់តូចនេះ មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកិច្ចការនារី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ មានក្រុមយុវជនមួយក្តាប់តូច បានមករៀបចំឈុតឆាកសំដែង នៅខាងមុខទីស្តីការក្រសួងកិច្ចការនារី និងបានប្រើប្រាស់សារព័ត៌មាន និងបណ្តាញសង្គម ដើម្បីឃោសនាបំផ្លើសបំភ្លៃ ទៅលើសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី។

ក្រសួងកិច្ចការនារី សូមធ្វើការបដិសេធទាំងស្រុង លើការចោទប្រកាន់ពីសំណាក់បុគ្គលមួយក្តាប់តូចនេះ មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី ដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ជាពិសេសការសំដែងឈុតឆាកនៅខាងមុខក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ គឺប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ ញុះញង់បង្កឲ្យមានការភាន់ច្រឡំ ដល់សាធារណជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី។

កន្លងមក ក្រសួងកិច្ចការនារី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំអនុវត្តការងារស្របតាមអាណត្តិរបស់ខ្លួន យ៉ាងសកម្ម សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងការលើកកម្ពស់ស្ថានភាពស្តី និងកិច្ចការពារសិទ្ធិស្ត្រី និងក្មេងស្រី ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងកិច្ចការនារី មិនដែលព្រងើយកន្តើយ និងតែងតែគិតគូរយកចិត្តទុកដាក់លើលើកកម្ពស់កិច្ចការពារសិទ្ធិស្ត្រីផ្ដល់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ សេវាដល់ស្រ្តី និងក្មេងស្រីដែលទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ គ្រប់ស្រទាប់វណ្ណៈ ដោយគ្មានរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬស្ថានភាពនយោបាយអ្វីឡើយ។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមច្រានចោល និងបដិសេធដាច់អហង្ការលើការចោទប្រកាន់ពី សំណាក់ក្រុមបុគ្គលមួយក្តាប់តូច មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី និងសូមអំពាវនាវដល់
សាធារណជនទាំងអស់មេត្តាកុំជឿលើការឃោសនាអកុសល មួលបង្កាច់ ញុះញង់ទាំងនេះ។

ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា សាធារណជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស នឹងនៅតែគាំទ្រ និងផ្ដល់ជំនឿទុកចិត្ត ជូនក្រសួងកិច្ចការនារី ដើម្បីបន្តបេសកកម្មរបស់ខ្លួន ឲ្យសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រទេសជាតិ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកិច្ចការនារី៖