(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook ផ្លូវការ ដោយប្រកាសស្វែងរកប្រភពអ្នកថត និងទីតាំងនៃការថតបាន។ ក្រោយបង្ហោះសារបានមួយថ្ងៃ នៅយប់ថ្ងៃដដែល រូបថតទាំងនោះត្រូវបានបង្ហាញប្រភពហើយ ខណៈសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកស្រាវជ្រាវរកប្រភពរូបថត ទាំង៤សន្លឹក ដែលបានបញ្ជាក់ប្រភពបានយ៉ាងត្រឹមត្រូវផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណចំពោះការស្រាវជ្រាវលើរូបថតនេះដែលខ្ញុំចាត់ទុកថាត្រឹមត្រូវ»

លោក Sothyvann Eng អ្នកផ្តល់ប្រភពរូបថត បានចូលទៅ Comment លើបណ្តាញ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ដោយបានអះអាងថា រូបថតទាំង ៤សន្លឹកនេះ គឺថតដោយអ្នកថតរូប២ផ្សេងគ្នា ។ រូបទាំង ៤សន្លឹកនេះ ថតនៅក្នុងកម្មវិធី INDONESIA-CAMBODIAN WAR-PEACE TALKS ក្នុងឆ្នាំ១៩៩០ ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៉ី។ ក្នុងនោះ រូបថត២សន្លឹក ដែលសម្តេចមានស្លាក Delegate ពណ៌លឿង គឺត្រូវបានថតនៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩០ ដោយលោក Kraipit PHANVUT ។ ចំណែករូបថត ២សន្លឹកទៀត គឺត្រូវបានថតនៅក្នុងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩០ ដោយលោក Francis SILVAN ។

សម្តេចតេជោ ហ៊ុន សែន បានតបតាមរយៈ Comment ដែរថា ការប្រជុំក្នុងខែកុម្ភៈ១៩៩០ គឺប្រជុំក្រោយបើកប្រជុំសន្និសីទប៉ារីសមិនជោគជ័យ។ ការប្រជុំមានការចូលរួមពីសហប្រធានសន្និសីទប៉ារីសបារាំងនិងឥណ្ឌូណេស៉ី ថែមទាំងតំណាងពិសេសអគ្គលេខាអង្គការសហប្រជាជាតិនិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ការ៉េត អេវិន។ បណ្តាប្រទេសអាស៊ាន៦ និងប្រទេសឥណ្ឌូចិន៣។ ការប្រជុំនេះគេឱ្យឈ្មោះថាការប្រជុំក្រៅផ្លូវការអំពីកម្ពុជា ដែលហៅកាត់ថា (IMC) ។ នេះជាការប្រជុំដែលគួរឱ្យចងចាំដែល យើងប្រជុំរហូតម៉ោង២និង៣០នាទីទៀបភ្លឺ ហើយសម្តេចតេជោ ធ្វើសន្និសីទសារព័ត៌មាននៅម៉ោង៣ទៀបភ្លឺ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ឯការប្រជុំមួយទៀតនៅខែកញ្ញា១៩៩០ នៅហ្សាកាតា ឥណ្ឌូណេស៉ី ដដែល តែការប្រជុំលើកនេះក្រៅពីភាគីកម្ពុជាមានការចូលរួមតែ អាលីអាឡាតាស់ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលលទ្ធផលសំខាន់ គឺរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) តាមរូបមន្ត 6+6ឬ6+2+2+2 បន្ទាប់ពីការចុះហត្ថលេខាបង្កើតនៅតូក្យូ ប្រទេសជប៉ុន។ បន្ទាប់ពី មានសមាសភាព SMC មកប្រជុំនៅស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ១៩៩០ដដែល។

«ដូចបានរៀបរាប់ រូបថតនេះខ្ញុំទើបមានអាយុ៣៨ឆ្នាំ បន្ទាប់ពីធ្វើនាយករដ្ឋមន្ត្រីបាន៥ឆ្នាំ»។ នេះបើតាមការបញ្ជាក់បន្ថែមពី សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតចំនួន៤សន្លឹក ដែលទទួលបានតាមរយៈ Messenger Facebook ដោយសម្តេចអំពាវនាវស្វែងរកប្រភពនៃរូបថតទាំងនេះ ព្រោះមានការទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថា រូបថតទាំង៤សន្លឹកនេះ ថតនៅកំលុងចន្លោះឆ្នាំ១៩៨៨-១៩៩១ ដែលអាចនៅ៥កន្លែង ឬ៥ប្រទេស៕