(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ស្ថានទូតបរទេសចំនួន៩ បានស្នើសុំកិច្ចអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ដែលត្រូវបានអះអាងថា រងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានទូតបរទេសទាំងនោះ រួមមាន បង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៉ី ម៉ាឡេស៉ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងប្រទេសថៃ។

លោកបន្តថា ក្រសួងការបរទេ តែងតែសម្របសម្រួល បញ្ជូនសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេស ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋ ដែលជាជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស។ នេះបើតាមការបន្ថែមរបស់អ្នកនាំពាក្យ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីអំពាវនាវឱ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា៕