(កំពង់ឆ្នាំង)៖ លោក សោម ស៉ីណាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយភាពឈ្លាសវៃ ធ្វើឱ្យខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មានរោងចក្រចំនួន ២៨កន្លែង មានកម្មករនិយោជិតសរុប ៥០,៥ ៦៩នាក់ ដែលបម្រើលើវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន២២កន្លែង មានកម្មករនិយោជិតចំនួន ៥០,០៩០នាក់ ក្នុងនោះជនពិការមានចំនួន ៤៣១នាក់។

លោកបានបន្តថា ក្រៅពីរោងចក្រខាងលើនេះក៏មានសហគ្រាសផ្សេងៗចំនួន ១៤៣កន្លែង ដែលមានកម្មករនិយោជិតចំនួន ២,៣២៨នាក់។ សរុបទាំងសណ្ឋាគារ ផ្ទះសំណាក់ សិប្បកម្ម អាជីវកម្ម សហគ្រាស និងរោងចក្រ ធនាគារ មានចំនួន១៧១ក ន្លែង។

លោកបញ្ជាក់ថា ពិសេសជាងនេះទៅទៀតនោះ នៅខេត្តកំពង់ឆ្នាំង មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន ៣៧កន្លែង មានគ្រូចំនួន ២៦១នាក់ មានសិស្សសរុបចំនួន ៥,៥០៣នាក់ ក្នុងនោះស្រី ២,៨០០នាក់។

សមិទ្ធផលទាំងអស់នេះ បានកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ជាយូរឆ្នាំមកហើយ ដែលបានបង្កើតការងារឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តទទួលបានប្រាក់ខែសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ចំណែកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិញ គឺជាថ្នាលបណ្ដុះបណ្ដាលមុខវិជ្ជាបច្ចេកទេសផ្សេងៗ សម្រាប់យុវជនយុវនារី រៀនយកចំណេះជំនាញបម្រើការក្នុងការប្រកបមុខរបរផ្សេងៗ នៅតាមក្រុមហ៊ុនសហគ្រាស រកប្រាក់ចិញ្ចឹមជីវិតនៅពេលចេញពីសាលាបណ្ដុះបណ្ដាល៕