(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីឱវាទ និងមន្ត្រីសុខាភិបាលសិស្សានុសិស្សបើកយុទ្ធនាការចុះដាក់ថ្នាំអាល់ប៊ែតតាមពាងទឹក អាងទឹកក្នុងផ្ទះពលរដ្ឋ ការពារជំងឺគ្រុនឈាម គ្រុនចាញ់ស្របពេលរដូវវស្សាចូលមកដល់។

លោក ហាក់ ឡេង បានឱ្យដឹងថា ដើម្បីអនុវត្តន៍តាមគោលការណ៍ផ្សព្វផ្សាយណែនាំអប់រំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងនាមលោកជាអាជ្ញាធរតែងគិតគូពីការរស់រប្រជាពលរដ្ឋ និងសុខសុវត្ថិភាពភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថ្ងៃនេះលោកបានដឹកនាំមន្ត្រីក្រោយឱវាទមន្ត្រីសុខាភិបាលស្រុក និងសិស្សានុសិស្សចុះដាក់ថ្នាំអាល់ប៊ែត ដើម្បីការពារជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗដែលបង្កមកពីសត្វមូសខ្លា និងមូសដែកគោហើយ និងធ្វើការណែនាំអប់រំដល់ប្រជាពលរដ្ឋឱ្យគាត់យល់ដឹងពីកំណើតមូសខ្លា និងមូសដែកគោបន្ថែមផងដែរ។

លោកអភិបាលស្រុក បានអំពាវនាវប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាមយ័ បរិស្ថានក្នុងការរស់នៅឱ្យបានល្អ ដោយធ្វើការសម្អាតជុំវិញផ្ទះមានស្មៅ ព្រៃ និងជីកកប់សំបកកំប៉ុងចាស់ៗដែលដក់ទឹក ដែលជាប្រភពបង្កឱ្យកើតមូសខ្លា។ ម្យ៉ាងវិញទៀត ត្រូវដេកដាក់មុងជានិច្ច ដើម្បីការពារពីជំងឺគ្រុនចាញ់ គ្រុនឈាម ជាពិសេសត្រូវបន្តរក្សាអនាម័យ ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ផងដែរ៕