(ភ្នំពេញ)៖ អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈ-កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដោយមានការណែនាំ និងចង្អុលបង្ហាញ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងតារាងវិធានការគោលនយោបាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី»។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, រដ្ឋមន្រ្តីក្រសួងបរិស្ថាន, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីមួយចំនួនទៀតផងដែរ។

សេចក្ដីព្រាងតារាងវិធានការគោលនយោបាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី ត្រូវបានរៀបចំឡើង ដើម្បីដាក់ចេញ និងជំរុញការអនុវត្ត
វិធានការចាំបាច់នានា សម្រាប់រយៈពេលខ្លី សំដៅដោះស្រាយនូវកង្វល់ និងសម្ពាធដែលបណ្តាលមកពីការកើនឡើងនៃសំណល់ប្លាស្ទិក ស្របពេលដែលរាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ បាន និងកំពុងរៀបចំក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយសម្រាប់រយៈពេលវែង សំដៅដោះស្រាយបញ្ហានៃការគ្រប់គ្រងសំណល់ផលិត-ផលប្លាស្ទិក និងការជំរុញការប្រើប្រាស់ផលិតផលជីវប្លាស្ទិក ។

សេចក្ដីព្រាងតារាងវិធានការគោលនយោបាយ នេះ ត្រូវបានតាក់តែង និងដាក់បញ្ចូលនូវសំណើវិធានការគោលនយោបាយ សំដៅដោះស្រាយបញ្ហានៃការគ្រប់គ្រងសំណល់ផលិតផលប្លាស្ទិក, ការជំរុញការប្រើប្រាស់ផលិត-

ផលប្លាស្ទិកប្រភេទងាយពុកផុយក្នុងធម្មជាតិ, ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ព្រមទាំងការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់ផលិតផលប្លាស្ទិកប្រភេទងាយពុកផុយក្នុងធម្មជាតិ និងសម្ភារប្រើជំនួសប្លាស្ទិក ដោយមានការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល ចំពោះសកម្មភាពវិនិយោគ ដែលផលិតផលិតផលជីវប្លាស្ទិកនៅក្នុងស្រុក និងផលិតកម្មដែលប្រើវត្ថុធាតុដើម ដែលបានពីការកែច្នៃសំណល់ប្លាស្ទិក ជាដើម ។

សេចក្ដីព្រាងតារាងវិធានការគោលនយោបាយ ត្រូវបានបែងចែកជា ៣ ផ្នែក រួមមាន៖ ផ្នែកទី១៖ វិធានការគោលនយោបាយពាក់ព័ន្ធទៅនឹងការជំរុញការផលិតផលិតផលជីវប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិក, ផ្នែកទី២៖ វិធានការគោលនយោបាយពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផលជីវប្លាស្ទិកជំនួសឱ្យផលិតផលប្លាស្ទិក ប្រើបានតែមួយដង និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិក, និង ផ្នែកទី៣៖ វិធានការគោលនយោបាយពាក់ព័ន្ធទៅនឹងការបង្កើនការយល់ដឹង, ការអប់រំ, ការលើកទឹកចិត្ត និងការទាក់ទាញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់ជាធាតុចូល និងរៀបចំសេចក្ដីព្រាងតារាងវិធានការគោលនយោបាយ ដ៏មានសារសំខាន់នេះឡើង និងបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តផ្ដល់កិច្ចសហការល្អ និងចូលរួមរៀបចំកែសម្រួលបញ្ចប់សេចក្តីព្រាងតារាងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បឱ្យរាជរដ្ឋាភិបាលដាក់អនុវត្តតារាងវិធានការគោល-នយោបាយនេះ ក្នុងពេលឆាប់ៗខាងមុខ ៕