(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី បានប្រកាសបន្ដឈរជាមួយកម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសកសកូវីដ១៩ និងរក្សាការប្តេជ្ញាចិត្តក្នុងការសហការគ្នា ដើម្បីជាសុវត្ថិភាព និងវិបុលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ប្រទេសអូស្ត្រាលីបានប្រគល់វាក់សាំង Pfizer-BioNTech សម្រាប់កុមារ អាយុ៥ឆ្នាំដល់អាយុ១១ឆ្នាំ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ ចំនួន៤៨២,៤០០ដូស ដល់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា វ៉ាក់សាំងសម្រាប់កុមារនាពេលនេះ គឺជាការបន្ថែមទៅលើជំនួយវ៉ាក់សាំង Pfizer-BioNTech ចំនួន ២,៣៥លានដូស ទូបង្កកត្រជាក់ និងទូបង្កកត្រដាក់បំផុត សរុបទាំងអស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្ត្រាលី។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្ត្រាលី ដែលមានថវិកាចំនួន ៣៥,៧លានដុល្លាអូស្ត្រាលី ដែលជាការប្ដេជ្ញាចិត្តគ្រប់ជំហានទាំងអស់ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព និងសមភាពនៅកម្ពុជា។

បើតាមលោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា «បានស្វាគមន៍ការផ្ដល់ជំនួយវ៉ាក់សាំង។ ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏អង្វែងរយៈពេល៧០ឆ្នាំ ក្នុងចំណងមិត្តភាព និងភាពជាដៃគូ។ យើងប្តេជ្ញាសហការជាមួយប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺកូដ១៩ រួមទាំងភាពបំណងរួមរបស់យើង ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាទូទៅរបស់កម្ពុជា»

ឯកអគ្គរាជរូបនេះ បានបន្ថែមទៀតថា៖ «ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល បាននឹងកំពុងឈរនៅជួរមុខ ក្នុងយុទ្ធនាការអស់រយៈកាលដ៏យូរ និងមិនចេះនឿយហត់ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ហើយឥឡូវនេះ យើងមកដល់ដំណាក់កាល ដែលត្រូវសម្លឹងឆ្ពោះទៅកាន់អនាគត។ កុមារដើរតួនាទីដ៏សំខាន់សម្រាប់អនាគត ដូច្នេះវាជាការសំខាន់ណាស់ ដែលកុមារត្រូវមានសុវត្ថិភាពដើម្បីរៀនសូត្រលេងកម្សាន្ត និងធំធាត់»

ប្រទេសអូស្រ្តាលី បន្តភាពជាដៃគូរបស់ខ្លួន ជាមួយអង្គការយូនីសេហ្វ ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងតំបន់ ហើយទទួលស្គាល់រជំនាញបច្ចេកទេសរបស់ពួកគេ និងភាពជាដៃគូក្នុងការជួយឱ្យយើងអាចសម្រេចបានក្នុងថ្ងៃនេះ។ អង្គការយូនីសេហ្វ បានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេល រីករាលដាលនៃជំងឺកូវីដ១៩ នេះថាពួកគេជាអ្នកដឹកនាំក្នុងកិច្ចការលទ្ធកម្ម និងការផ្តល់វ៉ាក់សាំង ជាពិសេសការបង្កើនលទ្ធភាពរបស់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះរួមទាំងជនដែលមានពិការភាព និងស្រ្តីមានពោះក្នុងការទទួលបាននូវវ៉ាក់សាំងនេះ។

ជំនួយថ្មីបំផុតរបស់ប្រទេសអូស្ត្រាលី គឺជាការបន្តែមទៅលើកិច្ចសហការាប់ទសវត្សរ៍មក ហើយរបស់យើងក្នុងវិស័យសុខាភិបាល ក្នុងនោះរួមមាន តាមរយៈការអនុវត្តគម្រោងលើកកម្ពស់សមធម៌ និងគុណភាពសុខាភិបាលនៅកម្ពុជា (គម្រោងហេកអេគីប) ដែលធ្វើការលើកកម្ពស់គុណភាពសេវា សុខាភិបាល ផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ជាង១,៣០០ នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យ លើការងារគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរកកម្ពុជា ក៏ជាប្រទេសដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេផងដែរ។

ការគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ បានធ្វើឱ្យកម្ពុជាសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ។ ធ្វើឱ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាប្រធានអាស៊ានដោយផ្ទាល់ឡើងវិញ នៅដើមខែសីហានេះ បន្ទាប់ពីការប្រជុំដោយផ្ទាល់នេះ ត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ។

លទ្ធផលដ៏គាប់ប្រសើររបស់កម្ពុជាលើការងារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យមានការកោតសរសើរកម្ពុជាជាខ្លាំង។ ថ្នាក់ដឹកនាំប្រទេសជាមិត្ត អង្គការអភិវឌ្ឍន៍នានា បានវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមសហការយ៉ាងល្អប្រសើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា៕