(ភ្នំពេញ)៖ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ តំណាងឱ្យលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមដំណើរដោយលោក ញាណ ចាន់សោភា និងលោក ម៉ុក ពុទ្ធា ដែលជាអភិបាលរងខណ្ឌច្បារអំពៅ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងនាំយកអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ។

លើកឡើងនាឱកាសនោះលោក ហ៊ត គឹមនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធាន តែងតែបានគិតគូរយកចិត្តទុកដាក់ ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានោះលោក ហ៊ត គឹមនី ក៏បានកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់ខណ្ឌ-សង្កាត់ ដែលបានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ដែលមាន ជីវភាព ខ្វះខាតកន្លងមក។ លោក ហ៊ត គឹមនី ក៏បានអំពាវនាវឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធាន ការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ និងជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ ប្រេងឆា និងឃីត ០១កញ្ចប់៕