(តាកែវ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក ជាផ្នែកមួយនៃការអនុវត្តភារកិច្ចរបស់កងទ័ពជើងគោក បន្ទាប់ពីរាជរដ្ឋាភិបាលចាត់តាំងឱ្យចូលរួមក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីពន្លឿនដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២៥ សំដៅសម្រេចបាននូវកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងគម្រោងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

ការលើកឡើងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅខេត្តតាកែវ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលត្រូវបិទបញ្ចប់នាពេលនេះ បន្ទាប់ពីមានការរៀបចំការប្រឡងបញ្ចប់វគ្គដោយមានការកំណត់លក្ខណៈវិនិច្ឆ័យនៃអត្រាកំណែ និងនិយាមគរុកោសល្យសុក្រឹត្យត្រឹមត្រូវ និងសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមយោធិនទាំងអស់ មកពីបណ្តាកងឯកភាពនានាចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ជាពិសេសទទួលបានការផ្តល់មូលវិចារណ៍ដ៏ល្អពីសំណាក់គណៈគ្រប់គ្រងវគ្គ ដែលបានបញ្ជាក់ថា៖ សិក្ខាកាមយោធិនយើងទាំងអស់ បានបង្ហាញនូវសាមគ្គីភាព, រក្សាបាននូវវិន័យសណ្តាប់ធ្នាប់ និងគោរពបទបញ្ជាផ្ទៃក្នុង ទាំងក្នុងការសិក្សារៀនសូត្រ, ការអនុវត្តលើទីលាន និងការរស់នៅបានយ៉ាងល្អខ្ជាប់ខ្ជួន។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជារូបនេះ បានបន្តថា វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គហ្វឹកហ្វឺនខ្លីដែលមានរយៈពេល ១៣ ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀតដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក សម្រាប់ប្រតិបត្តិការបោសសម្អាតមីននាពេលខាងមុខ។

ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលនានាជាច្រើនរបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព តាមរយៈការជួយសម្រួល និងលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពការងារ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិនឱ្យបានកាន់តែប្រសើរឡើង ដោយសមិទ្ធផលទាំងនេះរួមមាន៖ សាលប្រជុំ ០១ខ្នង, អគារស្នាក់នៅរបស់នាយទាហាន ០១ខ្នង, អគារស្នាក់នៅរបស់ពលទាហាន ០១ខ្នង, និងអាហារដ្ឋាន ០១ខ្នង និងសមិទ្ធផលមួយចំនួន។

ឧត្តមសេនីយ៍ឯក ក៏សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចទាំងទ្វេរ ដោយជានិច្ចជាកាល លោកតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ គ្រប់ពេលវេលាស្ទើរតែមិនមានការខ្វះចន្លោះ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, គណៈអភិបាលខេត្តតាកែវ និងកំពង់ស្ពឺ ដែលបានផ្តល់កិច្ចសហការជួយសម្របសម្រួលកិច្ចការផ្សេងៗ ព្រមជាមួយនឹងការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញភារកិច្ចរបស់កងទ័ពជើងគោកនៅក្នុងវិស័យមីន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងសូមសម្តែងនូវការកោតសរសើរផងដែរ ចំពោះលទ្ធផលការងារ ដែលកងកម្លាំងវិស្វកម្ម កងទ័ពជើងគោក សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ, ការងារសំណង់អគារ និងគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងគោក, ការងារស្ថាបនាបណ្តាញផ្លូវគមនាគមន៍ជាតិ និងការចូលរួមបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការសហការរៀបចំវគ្គហ្វឹកហ្វឺនបម្រើឱ្យការងារមីន៕