(ភ្នំពេញ)៖ សមាគមបណ្តាញសង្គមស៉ីវិលកម្ពុជា ដែលមានសមាជិកប្រមាណ១៦៨ បានទទូលដល់បណ្តាអង្គការសង្គមស៉ីវិលផ្សេងៗទៀត ចូលរួមជាមួយខ្លួន ដើម្បីក្លាយជាចំណែកបម្រើដល់ឧត្តមប្រយោជន៍ និងតម្កល់ប្រយោជន៍ជាតិជាធំ ក្នុងន័យចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យឆ្ពោះទៅមុខប្រកបដោយមោទនភាព។

បណ្តាញសង្គមស៉ីវិលកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដើម្បីកៀរគរប្រមូលផ្តុំ ពង្រឹងសាមគ្គីភាពនៃបណ្តាសង្គមស៊ីវិល ដែលរួមមាន៖ អង្គការ សមាគម សហគមន៍ សហជីព និងជនជាតិដើមភាពតិច ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍប្រកបដោយចេរភាព អភិបាលកិច្ចល្អ និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោក ទុំប៉ែន វិរៈទូ ប្រធានបណ្តាញអង្គការសង្គមស៉ីវិលកម្ពុជា បានបញ្ជាក់ថា សំលេងអង្គការសង្គមស៉ីវិល គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល តាមការសំណុំពរនានាពាក់ព័ន្ធនឹងសង្គម ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងការអនុវត្តច្បាប់ជាដើម។

លោកបានបន្តថា បណ្តាញសង្គមស៊ីវិលជាអ្នកធ្វើការសម្របសម្រួលធ្វើឲ្យសុខដុមនីយកម្មបណ្ដាញសង្គមស៊ីវិលទាំងឡាយ និងធ្វើការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការនានាជាមួយសង្គមស៊ីវិល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងសង្គម និងចូលរួមចំណែកអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចេរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ បណ្តាញសង្គមស៊ីវិលកម្ពុជា ដើម្បីជាប្រយោជន៍សាធារណៈ។

ជាមួយគ្នានេះដែរ លោក ទុំប៉ែន វិរៈទូ បានបញ្ជាក់ថា បណ្ដាញសង្គមស៊ីវិលកម្ពុជា ធ្វើការងាររបស់ខ្លួនផ្សារភ្ជាប់ជាមួយបណ្តាសង្គមស៊ីវិលទាំងអស់នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជួយទៅដល់សង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា និងតម្រូវការជាក់លាក់នៅក្នុងសង្គម ពិសេសគឺប្រជាពលរដ្ឋនៅនឹងមូលដ្ឋានបណ្តាញសង្គមស៊ីវិលកម្ពុជា ក៏បាននឹងកំពុងរៀបចំដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍឡើងវិញឱ្យបានឆាប់រហ័ស តាមរយៈការគៀរគររកម្ចាស់ជំនួយពីបណ្តាប្រទេសនានា និងក្នុងស្រុក ដើម្បីជួយដល់បណ្តាអង្គការ សមាគម សហគមន៍ សហជីព និងជនជាតិដើមភាគតិច យកទៅអនុវត្ត និងជួយប្រជាជននៅនឹងមូលដ្ឋានដែលមានតម្រូវការជាក់ស្តែង។

លោកបានឱ្យដឹងថា បណ្តាញសង្គមស៊ីវិលកម្ពុជា បានគៀរគរសមាជិករបស់ខ្លួនបានប្រមាណជា១៦៨ ដែលបានពេញចិត្តនូវគោលការណ៍ ទិសដៅ និងសកម្មភាព ហើយបានស្ម័គ្រចិត្តចូលរួមជាសមាជិកជាមួយ បណ្តាញសង្គមស៊ីវិលកម្ពុជា។ អ្វីដែលសំខាន់ជាងនេះទៅទៀត បណ្ដាញសង្គមស៊ីវិលកម្ពុជានឹងធ្វើការរៀបចំបណ្តុះបណ្តាលដល់សមាជិកទាំងអស់ឱ្យចេះធ្វើគម្រោងកិច្ចសហការ និងការសម្របសម្រួលពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យសង្គមស៊ីវិលដែលជាសមាជិកអនុវត្តបានល្អប្រសើរ។

កន្លងមកបណ្ដាញសង្គមស៊ីវិលកម្ពុជា ក៏បានសង្កេតឃើញដែរថាសង្គមស៊ីវិលបច្ចុប្បន្នមិនទាន់មានភាពប្រទាក់ក្រឡាគ្នានៅឡើយ។ ដូចនេះ បណ្តាញសង្គមស៊ីវិលកម្ពុជា សូមអំពាវនាវដល់គ្រប់សង្គមស៊ីវិលទាំងអស់ មកចូលរួមជាមួយបណ្ដាញសង្គមស៊ីវិលកម្ពុជា ដើម្បីឧត្តមប្រយោជន៍ជាតិ និងតម្កល់ប្រយោជន៍ជាតិជាធំ ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុនប្រកបដោយមោទនភាព៕