(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់អគាររដ្ឋបាល ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែង ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ពិធីក្នុងពាលីតាមបែបសាសនា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង។

ដំណើរការសាងសង់អគារនេះ ប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកសុំសេវា។ ពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើន តាមបែបសាសនា បើកការសាងសង់អគារនេះ ចាប់ពីពេលនេះតទៅ ក្នុងគម្រោងឲ្យរួចរាល់ រយៈពេលជាង៦ខែ។

នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង ក្នុងការរៀបចំឲ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្របវិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕