(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខែមិថុនា ឆ្នាំ២០១៩ ដែលរហូត មកដល់បច្ចុប្បន្ននេះ មានរយៈពេល៣ឆ្នាំ ២ខែ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ មានរយៈពេល ២ឆ្នាំ ២ខែ។

លោកបន្តថា ផ្អែកតាម ការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្រ្តីកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួល បានបទពិសោធន៍ និងការរៀនសូត្របានជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និង សម្រេចបានលទ្ធផលជាច្រើន គួរជាទីមោទនភាព។ រដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ រៀបចំឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី បានបន្ថែមថា យោងតាមកាអនុវត្តកម្មវិធីជំនួយកន្លងមក និងតម្រូវការនាបរិបទបច្ចុប្បន្ននេះ កម្មវិធីទាំងនេះកំពុងឈានចូលរបត់មួយថ្មី ក្នុងទិសដៅមួយសម្រាប់រៀបចំកម្មវិធីកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រាយផ្តល់ការគាំទ្រពេញមួយវដ្តជីវិត ដែលបង្កើនលទ្ធភាព ទទួលបានអត្ថប្រយោជន៍ជំនួយសង្គម និងគ្របដណ្តប់វិសាលភាពដល់ប្រជាជនដែលត្រូវការជំនួយ និងជួយបង្កើតមុខងារនៃប្រព័ន្ធរួម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការជំនួយសង្គម ដែលកម្មវិធីនេះ រួមបញ្ចូលគ្នាលើកម្មវិធីជំនួយសង្គមនានា ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីគាំពារមនុស្សវ័យចាស់ និងកម្មវិធីអាហារូបករណ៍សម្រាប់ សិស្សសាលាបឋមសិក្សា និងមធ្យមសិក្សា។ ព្រមពេលជាមួយគ្នានោះ មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោល ក៏ត្រូវបានបង្កើតឡើង ដើម្បីរៀបចំ ដឹកនាំ និងសម្របសម្រួលការអនុវត្តកម្មវិធីនេះផងដែរ។

ដើម្បីឲ្យការងារដំណើរទៅរលូន និងកាន់តែមានប្រសិទ្ធភាពទៀតនោះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្តល់ អនុសាសន៍មួយចំនួនរួមមាន៖

*ទី១៖ សូមឲ្យអង្គប្រជុំទាំងមូលត្រូវធ្វើការពិភាក្សា និងស្វែងរកនូវធាតុចូលបន្ថែមទៀត ដើម្បីជម្រុញឲ្យកាឬងនុវត្តក្នុងឆមាសបន្តកាន់តែមាន ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់អ្នកទទួលផល។

*ទី២៖ ការពង្រឹងសមត្ថភាពធនធានមនុស្ស ដោយផ្តោតទៅលើការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការចែកចាយ និងការផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែស៊ីជម្រៅ ទាំងកម្រិតថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ, ព្រមទាំងឱ្យស៊ីចង្វាក់
គ្នា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់កិច្ចអន្តរាគមន៍ក្នុងក្របខ័ណ្ឌ និងដែនសមត្ថកិច្ចនៃការងារសេវាសង្គម និងជំនួយសង្គម ។

*ទី៣៖ ការបង្កើនកិច្ចសហការ ដើម្បីគ្រប់គ្រងមុខសញ្ញាគ្រោះថ្នាក់ និងកំណត់តួនាទីក្នុងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធជាមួយវិស័យសង្គមកិច្ចទាំងអស់ដោយផ្អែកលើមូលដ្ឋាននៃគតិយុត្តិជាតិ និងអន្តរជាតិ

*ទី៤៖ ការបន្តពង្រឹងវិធីសាស្ត្រដោះស្រាយពហុមុខសញ្ញាគ្រោះថ្នាក់ ដោយគិតគូរសំខាន់ដល់ភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងការប៉ាន់ប្រមាណកម្រិតរងគ្រោះ និងហានិភ័យដើម្បីត្រៀមរៀបចំសម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពរបស់អតិថិជននៅគ្រប់ដំណាក់កាលនៃករណីប្រកបដោយប្រសិទ្ធិភាព។

*ទី៥៖ ខិតខំបន្តផ្សាភ្ជាប់ការកសាងយន្តការនៃកម្លាំងសេវាសង្គមមួយ ដែលមានបរិបទស្របតាមយន្តការនៃបរិបទតំបន់ និងពិភពលោក ពិសេសស្ថិតក្នុងស្ថានភាព នៃការជម្រុញប្រកបដោយបុរេសកម្មក្នុងការគាំទ្រដល់ដំណើរការនៃប្រព័ន្ធគាំពាំរសង្គម ពិសេសជំនួយសង្គម ។

*ទី៦៖ ស្នើសុំឲ្យរដ្ឋបាលខេត្ត និងមន្ទីរ ស.អ.យ. ត្រូវបន្តជម្រុញការប្រមូលទិន្នន័យគ្រួសារក្រីក្រ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ឲ្យបានស្របតាមផែនការកំណត់ ព្រោះថាកន្លងមកនៅមានយឺតយ៉ាងខ្លះ។

រដ្ឋមន្រ្តី បានលើកឡលើកថា កម្លាំងសេវាសង្គមកិច្ច ដែលមានការអភិវឌ្ឍល្អ គឺជាគន្លឹះក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ការកាត់បន្ថយការរើសអើង ការប្រឆាំង និងការផ្លាស់ប្តូរឥរិយាបទសង្គមទាំងឡាយណាដែលមានគ្រោះថ្នាក់ ក្នុងការការពារនិងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើមនុស្សជាតិ និងការបែកបាក់គ្រួសារ ដើម្បីសម្រេចបាននូវសង្គមមួយ ដែលមានលក្ខណៈបរិយាប័ន្នសម្រាប់មនុស្សជាតិ ពិសេសក្រុមជនងាយរងគ្រោះផ្សេងៗទៀត៕