(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករកម្មការិនីរោងចក្រ Man Ou Garment Co.,LTD ប្រមាណ ២,០០០នាក់ ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនោះលោក ម៉ាង ស៊ីណេត បានថ្លែងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មី។

លោក ម៉ាង ស៊ីណេត បានលើកឡើងថា «ក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រឹងប្រែងកៀងគរ អ្នកវិនិយោគ ក្នុងប្រទេសរបស់យើង ខេត្តរបស់យើង ដើម្បីឱ្យបងប្អូនមានការងារធ្វើ មានប្រាក់ខែសមរម្យ ក្នុងការចិញ្ចឹមជីវភាពក្នុងគ្រួសារ ក្រៅពីរកកាងារឱ្យធ្វើហើយ ត្រូវគិតពីអនាគត ចាស់ទៅគាត់អត់ការងារធ្វើ ត្រូវគិតគូពីរប្រភពចំណូលរបស់គាត់ ទើបដូច្នោះ ហើយរាជរដ្ឋាភិបាលកម្ពុជា ខិតខំបង្កើត ប.ស.ស ឬរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីឱ្យបងប្អូនទាំងអស់កម្មករ កម្មការនី ដែលគាត់ចាស់ទៅ គឺមានចំណូលអាចចាយរួច ដោះស្រាយខ្លួនរបស់គាត់»

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កម្មករ កម្មការនី គឺជាវិរបុរសវិរនារី ជាខឿនសេដ្ឋកិច្ចជាតិ និងសូមចូលរួមកោតសរសើរដែលបានមកចូលរួមខិតខំធ្វើការងារជាមួយសង្គមជាតិ៕