(ភ្នំពេញ)៖ រយៈពេលជិត៥ឆ្នាំ មកនេះ ពោលគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីលើកដំបូងចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើ ២៤,១៦% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជា ប្រព័ន្ធបាន ១ ៦៧៩ ៧៥៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ១១ ៧៣១ក្បាលដី។

យោងតាមរបាយការណ៍ស្តីពីសមិទ្ធផលសម្រេចបានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលរយៈពេល៥ឆ្នាំ (២០១៨-២០២២) ដែលបណ្តាញ ព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា៖

* នៅឆ្នាំ២០១៨ ការចុះបញ្ជីសម្រេចបាន ២៣៤ ៧០៥ ក្បាលដី ស្មើ ៣,៣៥% នៃចំនួនក្បាលដីសរុប ៧លានក្បាលដី ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ បាន ២៣២ ១១៩ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ២ ៥៨៦ក្បាលដី

* ឆ្នាំ២០១៩ សម្រេចបាន ៤៩៧ ៨៦២ ក្បាលដី ស្មើ ៧,១១% នៃចំនួនក្បាលដីសរុប ៧លានក្បាលដី ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤៩៦ ១៦២ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ១ ៧០០ ក្បាលដី

* ឆ្នាំ២០២០ សម្រេចបាន ៤៥១ ២៩២ ក្បាលដី ស្មើ ៦,៤៤% នៃចំនួនក្បាលដីសរុប ៧លានក្បាលដី ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤៤៨ ០៤៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ៣ ២៤៤ក្បាលដី

* ឆ្នាំ២០២១ សម្រេចបាន ៣៣៨ ៣៦៣ ក្បាលដីស្មើ ៤,៨៣% នៃចំនួនក្បាលដីសរុប ៧លានក្បាលដី ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៣៣៥ ៦០៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ២ ៧៥៥ ក្បាលដី

* ឆមាសទី១ ឆ្នាំ២០២២ សម្រេចបាន ១៦៩ ២៦៧ ក្បាលដី ស្មើ ២,៤២% ក្នុងនោះ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ បាន ១៦៧ ៨២១ ក្បាលដី និងចុះបញ្ជីដាច់ ដោយដុំបាន ១ ៤៤៦ក្បាលដី។

សូមបញ្ជាក់ថា បើគិតពីចាប់ផ្តើមអនុវត្តដល់ឆមាសទី១ ឆ្នាំ២០២២ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏សម្រេចបាន ៦ ៥៨៤ ៥៧៨ បណ្ណ ស្មើ ៩៤,០៦% ផងដែរ នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី ក្នុងនោះ៖

* ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន ៥ ៩៥៩ ៥៨២ បណ្ណ
* ចុះបញ្ជីដីដាច់ដោយដុំចំនួន ៦២៤ ៩៩៦ បណ្ណ ក្នុងនោះចុះបញ្ជីដីរដ្ឋសម្រេចបាន ២ ១២១បណ្ណ ទំហំ ៩២១ ៩០៣ហិកតា និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បាន ៣៧សហគមន៍ ទំហំ ៣៨ ៧១៨,៧៥ ហិកតា ស្មើ ៩៤៨ បណ្ណ ជូនប្រជាពលរដ្ឋ ៣ ៦៥២គ្រួសារ៕