(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថា មានស្ត្រីម្នាក់លួចយកកាបូបលុយ អស់ចំនួន៦,០០០ដុល្លារ ស្ថិតនៅចំណុចសួនកម្សាន្តក្មេងលេង OCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២នេះថា នៅវេលាម៉ោង០៧យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ មានករណីស្ត្រីម្នាក់ធ្វេីសកម្មភាពលួចកាបូប ដែលក្នុងនោះមានលុយចំនួន ៦,០០០ដុល្លារ, ប្រាក់រៀលចំនួន ២០០,០០០រៀល, ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង និងអត្តសញ្ញាណប័ណ្ណ១សន្លឹក, ប័ណ្ណបើកបររថយន្ត១សន្លឹក, ប័ណ្ណសម្គាល់យានយន្ត១ និងកាតធនាគារអេស៊ីលីដា១សន្លឹក នៅចំណុចសួនកម្សាន្តក្មេងលេង OCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ដោយយោងតាមចម្លេីយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនបានចាកចេញពីផ្ទះជួលមួយកន្លែង នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយជិះម៉ូតូមួយគ្រឿង ឌុបកូនចំនួន ២នាក់ ដេីម្បីទៅធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ដ នៅសួនកម្សាន្តក្មេងលេង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានប្រទះឃេីញជនរងគ្រោះកំពុងដើរជាមួយគ្រួសារ ហើយជនរងគ្រោះមានយួរកាបូបដៃ ភ្លាមៗនោះជនសង្ស័យក៏បានដើរចូលទៅជិតជនរងគ្រោះ រួចធ្វើសកម្មភាពលួចយកកាបូបពីក្នុងកាបូបយួរដៃបានសម្រេច រួចហើយនាំកូនជិះម៉ូតូគេចខ្លួនបាត់តែម្តង។ ក្រោយពេលកេីតហេតុ ជនរងគ្រោះបានមកធ្វេីការដាក់ពាក្យបណ្តឹងឲ្យកម្លាំងសមត្ថកិច្ចជំនាញធ្វេីការស្រាវជ្រាវ ដេីម្បីស្វែងរកជនសង្ស័យខាងលេី យកមកដាក់ទោសតាមផ្លូវច្បាប់។

លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យបានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី បាននៅចំណុចមុខវត្តនាគវ័ន្ត ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកភស្តុតាងប្រាក់ដុល្លាររបស់ជនរងគ្រោះ រួចក៏បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្ដទៀតថា ស្ត្រីដែលជាជនសង្ស័យខាងលេីមានឈ្មោះ ឡាយ សម្ភស្ស ហៅ ភាន់ អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងភស្តុតាងចាប់ដកហូតរួមមាន៖ ប្រាក់ដុល្លារចំនួន ៣,០០០ដុល្លារ។ ចំណែកឯស្ត្រីជនរងគ្រោះមានឈ្មោះ អ៊ាត រ៉ាដូ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕