(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាម ចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តកំពង់ចាមទាំង៦រូបនោះ រួមមាន៖

*ទី១៖ លោក ចាន់ ផល្លី អតីតអភិបាលក្រុងកំពង់ចាម
*ទី២៖ លោក ស្រី សុភ័ក្រ្ត មកពីប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
*ទី៣៖ លោក ឡោ ចាន់លី មកពីអភិបាលស្រុកព្រៃឈរ
*ទី៤៖ លោក សាន ស៊ីថា មកពីនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម
*ទី៥៖ លោក គង់ សុភា បានផ្ទេរមកពីអភិបាលរងខេត្តត្បូងឃ្មុំ
*ទី៦៖ លោក លី សារារិទ្ធ ផ្ទេរមកពីអភិបាលរងខេត្តព្រះវិហារ។

ចំណែកអតីតអភិបាលរងខេត្តកំពង់ចាម ២រូប គឺលោក កៅ សុខអាន និងលោក អ៊ុភឿន គុណវុឌ្ឍ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។

នាឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានធ្វើរបាយការណ៍ស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។

ជាមួយគ្នានោះ លោក លេង វី បានផ្ដាំផ្ញើដល់អភិបាលរងខេត្ត ទើបនឹងចូលកាន់តំណែងទាំង៦រូប ឲ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ និងខិតខំបំពេញកិច្ចការ ដែលថ្នាក់លើប្រគល់ជូន ដើម្បីធ្វើជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ៕