(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា ប្រសិនបើគណបក្សប្រឆាំងបានកាន់អំណាចនោះ កម្ពុជានឹងផ្ទុះសង្គ្រាម ដោយសារតែគោលនយោបាយរឹបអូសទ្រព្យពីអ្នកមានឱ្យទៅអ្នកក្រ និងគោលនយោបាយប្រកាសវៃយកទឹកដីដែលបាត់បង់ពីអតីតកាលមកវិញ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមនយោបាយប្រឆាំងតែងតែលើកឡើងនូវគោលនយោបាយមួយចំនួន ក្នុងវាយប្រហាររាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមមានការឃោសនារឹបអូសទ្រព្យសម្បត្តិ ពីអ្នកមានឱ្យទៅអ្នកក្រ ការប្រកាសជួយសងបំណុលជូនប្រជាពលរដ្ឋដែលបានជំពាក់ធនាគារ ព្រមទាំងគោលនយោបាយវៃយកទឹកកម្ពុជាក្រោមដែលបានបាត់បង់ពីអតីតកាលមកវិញ ព្រមទាំងគោលនយោបាយផ្សេងៗទៀត ដែលឃោសនាឡើងក្នុងន័យបញ្ឆេះកំហឹងដល់ប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលជាដើម។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «អញ្ចឹងបានខ្ញុំថា សង្គ្រាមនៅកម្ពុជាជៀសមិនផុតទេ បើសិនជាគណបក្សប្រជាជនមិនគ្រប់គ្រងអំណាច គឺសង្គ្រាមនឹងផ្ទុះ ខ្ញុំហ៊ាននិយាយអញ្ចឹង មានកត្តា២ សំខាន់ គឺកត្តាប្រើពាក្យត្រៀមខ្លួនរឹបអូសទ្រព្យសម្បត្តិពីអ្នកមានឱ្យអ្នកក្រ និងកត្តាត្រៀមវៃយកទឹកដីដែលបានបាត់បង់ អញ្ចឹងសង្គ្រាមរវាងវៀតណាម និងថៃ នឹងជៀសមិនរួចនោះទេ....] អ្នកណាស្នេហាជាតិជាងសម្តេចព្រះបរមរតនកោដ្ឋទៀត តើព្រះអង្គមានដែលទារកម្ពុជាក្រោមត្រឡប់មកវិញទេ? តើព្រះអង្គមានដែលទារកោះត្រល់មកវិញទេ?»

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ៗ ទៅកាន់ក្រុមប្រឆាំងថា ប្រសិនបើចិត្តសឿងពេលប្រកួតប្រជែកក្នុងកម្មវិធីនយោបាយពេលបោះឆ្នោត សូមប្រកាសគោលនយោបាយវ៉ៃប្រទេសវៀតណាម ដើម្បីយកទឹកដី។ ជុំវិញការបាត់បង់ទឹកដី សម្តេចតេជោ បានពន្យល់ចំនួន៥ម៉ោង នៅក្នុងរដ្ឋសភារួចហើយ ពីប្រវត្តិនៃការបាតបង់ទឹកដីដល់ប្រទេសជិតខាង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការហួសចិត្តពោះការចោទប្រកាន់ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំង ដែលតែងតែចោទប្រកាន់ថាសម្តេចជាអ្នកប្រគល់កោះត្រល់ឱ្យវៀតណាម ខណៈទឹកដីកម្ពុជា និងកោះត្រល់ ត្រូវបានបាត់បង់មុនសម្តេចចាប់កំណើតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា បានយកទាំងផែនទីគោក និងផែនទីទឹក យកទៅតម្កល់នៅអង្គការសហប្រជាជាតិ ដែលជាព្រំដែនរាល់ថ្ងៃដែលកម្ពុជាកំពុងប្រើដើម្បីកំណត់ព្រំដែនសីមា ហើយមកដល់ម៉ោងនេះវៀតណាម មិនទាន់ព្រមប្រើប្រាស់លីងប្រេវីយ៉េ ធ្វើជាព្រំដែនទឹកនៅឡើយទេ បើចេះទាមទារ គឺតាំងពីជំនាន់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដូច្នេះ គឺមិនចាំបាច់ទាមទារដល់ជំនាន់សម្តេចនោះទេ សម្រាប់កោះត្រល់ ត្រូវបាត់ត្រូវបានសភាបារាំង បោះឆ្នោតកាត់ឱ្យវៀតណាម អញ្ចឹងបើខាងមុខអ្នកឯងប្រកាសក្នុងកម្មវិធីនយោបាយអ្នកឯងទៅ គឺសម្តេចមិនខ្វល់នោះទេ។

«បើសិនជាបាត់មិនចាំបាច់ចរចាជាមួយវៀតណាម ១តឹក ១ផឹងទេ អីឡូវចុះហត្ថលេខាបាន៨៤ភាគរយ បើគង់ឱ្យទៅគេដដែល មិនចាំបាចចរចា៤៣ឆ្នាំកន្លងទៅ ឱ្យគេយកបណ្តោយទៅ វាចប់បាត់ហើយ ប៉ុន្តែ ភាពជ្រុលនិយម និងអគតិរបស់ពួកគេ វាហួសពីការគិត»។ នេះជាគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ពន្យល់ពិធីការរឿងប្រើប្រាស់ទង់ជាតិ ពេលស្វាគមន៍ភ្ញៀវបរទេស ថានៅពេលព្រះមហាក្សត្រទទួលភ្ញៀវបរទេស មិនដែលដាក់ទង់ជាតិប្រទេសរបស់ភ្ញៀវនោះទេ។ សម្តេចទទួលភ្ញៀវក៏មិនដែលដាក់ទង់ប្រទេសរបស់ភ្ញៀវនោះដែរ៕