(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចោទប្រកាន់លើលោក ហ៊ុន ម៉ាណែត ដែលបានទៅធ្វើទស្សកិច្ចនៅប្រទេសវៀតណាម ដែលថាទៅសុំការគាំទ្រពីវៀតណាម ដើម្បីធ្វើ ជាបេក្ខភាពជានាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាមិនមានតម្រូវកាទៅសុំការគាំទ្រ ដើម្បីធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ពីប្រទេសណាទាំងអស់ គឺត្រូវការតែមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯងតែប៉ុណ្ណោះ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ដូចនេះថា «ខ្ញុំសូមជម្រាប កម្ពុជាអត់មានតម្រូវកាទៅសុំការគាំទ្របេក្ខភាពជានាយករដ្ឋមន្ត្រីពីប្រទេសណាទាំងអស់ សម្រាប់កម្ពុជា ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯង បន្ទាប់ពីនេះទៅត្រូវធ្វើការបោះឆ្នោត ដើម្បីឱ្យក្លាយទៅជាតំណាងរាស្ត្រ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា នាយករដ្ឋមន្ត្រី ត្រូវតែជាសមាជិកសភា ចឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជនដើម្បីឱ្យក្លាយទៅជាតំណាងរាស្ត្រ»

សម្តេចតេជោ បានបញ្ជាក់ទៅទៀតថា ក្រោយពីការបោះឆ្នោតពីប្រជាពលរដ្ឋបានក្លាយទៅជាតំណាងរាស្ត្រហើយ នឹងត្រូវបានទទួលតែងតាំធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល ក្រោយរៀបចំហើយនោះត្រូវបន្តយកទៅស្នើសុំការអនុម័តពីសភា ដែលជាអំណាចពេញលេញរបស់សភា ហើយសភាគឺតំណាងឱ្យប្រជាជន បើសភាមិនអនុម័តទេ ទោះបីជាព្រះមហាក្សត្របានតែងតាំជានាយករដ្ឋមន្ត្រីក៏ដោយ ក៏មិនអាចបាននោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំអត់មានត្រូវការអប់រំកូនឱ្យធ្វើជាមេចោរទេ ហើយសុំសួរទាំងអស់គ្នា អ្នកណាមិនចង់ឱ្យកូនខ្លួនឯងធ្វើធំ ប៉ុន្តែការធ្វើធំនេះមិនមែនចេះតែចាប់ដាក់នោះទេ សូមជម្រាប»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើសិនជាកូនសម្តេច ( លោក ហ៊ុន ម៉ាណែត) មិនគ្រប់លក្ខខ័ណ្ឌ សម្តេចមិនអាចអនុញ្ញាតឱ្យប្រទេសកម្ពុជា ឫគណបក្សប្រជាជន ត្រូវបំផ្លាញដោយដៃកូនរបស់សម្តេចនោះទេ។ បើគណបក្សប្រជាជន មិនយល់ព្រមក៏មិនបាននោះដែរ ដូចនេះហើយលក្ខណៈសម្បត្តិត្រូវតែមានត្រូវតែធានាទទួលខុសត្រូវ ធ្វើយ៉ាងមិចឱ្យប្រទេសកម្ពុជាមានស្ថេរភាពបន្ត។

ឆ្លើយតបទៅនឹងអ្នកវិភាគនយោបាយស្ទើរភ្លើងមួយរូប ដែលបានវិភាគថាបើលោក ហ៊ុន ម៉ាណែត ចង់ធ្វើជានាយករដ្ឋមន្ត្រី ត្រូវធ្វើឱ្យខុសពីឱពុក, សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំឆ្លើយតបទៅវិញដែរថា បើធ្វើខុសពីឱពុក មានន័យថាធ្វើខុសពីគោលការរបស់គណបក្ស ចឹងហើយគឺមានតែបណ្តេញ ហ៊ុន ម៉ាណែត ចេញពីគណបក្សតែប៉ុណ្ណឹង ព្រោះបើធ្វើខុសពីឱពុក គឺខុសពីគោលការគណបក្ស ព្រោះនៅពេលបោះឆ្នោតគឺគណបក្សនីមួយៗ តែងតែប្រកាសនូវគោលនយោបាយរបស់ខ្លួន ដែលត្រូវធ្វើ៕