(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តែងការហួសចិត្តចំពោះបុគ្គលម្នាក់ដែលបានវិភាគទាក់ទងនឹងទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដោយរិះគន់ថា វៀតណាមទទួល លោក ហ៊ុន ម៉ាណែត ច្រើនលើសលុប និងថា ទស្សនកិច្ចនេះជាការទៅសុំយោបល់វៀតណាម។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីនូវចម្ងល់ចំពោះអ្នកវិភាគរូបនោះ ដែលមិនបានតាមដានទស្សនកិច្ចរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន និងសិង្ហបុរី ដែលមានការទទួលបដិសណ្ឋារកិច្ចច្រើនជាងវៀតណាមទៅទៀត ដែលការរិះគន់នេះ បានធ្វើឱ្យសម្តេចចេញមកបំភ្លឺតាមបណ្តាញសង្គម។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែប្រាប់ វៀតណាមធ្វើតិចជាជប៉ុនទេ ធ្វើតិចជាសាំងហ្គាព័រទេ ក្នុងដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នោះ ហេតុអ្វីបានធ្វើតិចជាង? នៅជប៉ុន និងសាំងហ្គាព័រ ក្រៅពីរដ្ឋមន្ត្រីការពារជាតិទទួល សមភាគីរបស់គេគឺមេបញ្ជាការជើងគោកដូចគ្នា ប៉ុន្តែបន្ទាប់ទៅគឺ ជួបរដ្ឋមន្ត្រីការពារជាតិ ក្រៅពីរដ្ឋមន្ត្រីការពារជាតិ នៅជួបរដ្ឋមន្ត្រីការបរទេសទៀត ប៉ុន្តែថាចុះ វៀតណាមគាត់មានលេខាអចិន្ត្រៃយ៍គណបក្សជួប អញ្ចឹងអាចថា ដូចគ្នា»

សម្តេចមានការងឿងឆ្ងល់ថា ហេតុអ្វីក៏ក្រុមអ្នកទាំងនោះមិនយកជប៉ុនមកវិភាគ ព្រោះជប៉ុនធ្វើច្រើនជាងគេ។ សម្តេចបានរម្លឹកថា លោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅជប៉ុន ហើយនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញចំនួន៣ដងរួចហើយ ដោយលើកទី១ អញ្ជើញដោយ អតីតនាយករដ្ឋមន្ត្រី ហាតូ យ៉ូម៉ា ឆ្នាំ២០១១ លើកទី២ ដោយអតីតនាយករដ្ឋមន្ត្រី ហ្ស៉ិនស៊ូ អាបេ នៅឆ្នាំ២០១៨ និងលើកទី៣ ដោយនាយករដ្ឋមន្ត្រី គីសុីដា ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចបានលើកឡើងអំពីទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត នៅជប៉ុនថា៖ «នៅខែកុម្ភៈ ក្រៅពីមេទ័ពជើងគោកជប៉ុនទទួល គឺមានការត្រួតពល ត្រូវបានទទួលដោយ អគ្គបញ្ជាការ ត្រូវបានទទួល ដោយរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទទួលដោយរដ្ឋមន្ត្រីការបរទេស និងត្រូវបានទទួលដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ អញ្ចឹងម៉េចអ្នកឯងមិនយកមកវិភាគ ម៉ាណែត ទៅតូក្យូដើម្បីទៅទទួលបញ្ជាពីជប៉ុនឬអី? ពួកនេះបើប៉ះជាមួយវៀតណាម គឺដឹងថារករឿងហ្មង»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនយោបាយក្រុមប្រឆាំងថា ជាការបង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងជាមួយប្រទេសជិតខាង។ សម្តេចជឿជាក់ថា សង្គ្រាមនឹងចៀសមិនផុតទេ បើសិនគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានកត្តាពីរដែលអាចធ្វើឱ្យមានសង្គ្រាមនៅកម្ពុជា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច នោះគឺកត្តារឹបអូសពីអ្នកមានឱ្យអ្នកក្រ ដែលធ្វើឱ្យមានសង្គ្រាមផ្ទៃក្នុង និងទី២៖ ការត្រៀមវ៉ៃយកទឹកដីដែលបានបាត់បង់ អញ្ចឹងនឹងមានសង្គ្រាមរវាងកម្ពុជា និងថៃ សង្គ្រាមជាមួយនឹងវៀតណាម៕