(បន្ទាយមានជ័យ)៖ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ចំនួនពីររូបបានចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យ លេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកឧត្ដមសេនីយ៍ទោ យី ភាលី និងលោកឧត្ដមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ និងលោកនាយផ្នែក។

លោកឧត្ដមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ បានដឹកនាំក្រុមការងារចុះពិនិត្យកម្លាំងប្រតិបត្តិការតាមបណ្ដាគោលដៅនីមួយៗ ចំណុចស្លាបឆ្វេង-ស្លាបស្ដាំក្នុងភូមិសាស្ត្រប្រតិបត្តិការ ដែលបច្ចុប្បន្នកំពុងប្រចាំការការពារទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូលប្រទេសដោយខុសច្បាប់ របស់ពលរដ្ឋខ្មែរ និងជនបរទេស៕