(ភ្នំពេញ)៖ នៅក្នុងខ្លឹមសារសៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលនិពន្ធដោយលោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជានោះ បានសរសេរអំពីការរៀបចំលកលៃនូវបណ្ដាផ្លែឈើ ម្ហូបអាហារ នំនេក ឬសិល្បៈប្រពៃណី សម្រាប់ទទួលភ្ញៀវឬប្រតិភូអន្តរជាតិបានយ៉ាងល្អផ្ចិតផ្ចង់ ដោយភ្ជាប់ជាមួយនូវចំណងការទូត បង្កើនមិត្តភាពតទៅមុខ។

នៅក្នុងសៀវភៅដដែលនេះ លោក ពុយ គា បានលើកឡើងនូវករណីមួយចំនួនពីក្នុងកិច្ចប្រជុំអាស៊ាន ដោយលោកប្រើពាក្យថាការទូតទុរេន ការទូតនំបញ្ចុក ការទូតបាយមាន់ជាដើម។

សម្រាប់កម្ពុជាធ្លាប់បានរៀបចំផ្លែឈើ នំនេក ម្ហូបអាហារពិសេសៗ ដែលបង្ហាញពីម៉ាកសញ្ញាភូមិសាស្ត្រ វប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ ដូចជា ការទូតទុរេន (ផ្លែទុរេនកំពត) ការទូតនំបញ្ចុក ការទូតសម្លកកូរ ការសម្ដែងរបាំអប្សរាជូនភ្ញៀវទស្សនាជាដើម។ ថ្មីៗនេះ ពោលគឺនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីដើមខែសីហាឆ្នាំ២០២២នេះ កម្ពុជាបានរៀបចំ «សម្លហហ្មុក» (សូមកុំហៅអាម៉ុកតទៅទៀត) នាពេលទទួលទានអាហារពេលល្ងាចជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាច្រើនទៀតផងដែរ ដូចជា កូរ៉េ ចិន ជប៉ុន បារាំង រុស្ស៉ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌាជាដើម។ នេះក៏ជាការទូតសម្លហហ្មុកមួយដែរ ពីព្រោះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

សៀវភៅអាថ៌កំបាំងក្រៅឆាកបានបន្តទៀតថា នៅប្រទេសឡាវគេនិយមរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយមេដឹកនាំ និងប្រតិភូអន្តរជាតិ។ មេដឹកនាំនិងប្រតិភូអន្តរជាតិទាំងនោះមិនងាយគេចផុតពីរាំវង់ឡាវឡើយ (Lamvong Lao Diplomacy) ខណៈកម្ពុជានិងថៃក៏មានចង្វាក់រាំវង់នេះផងដែរ។

នៅសិង្ហបុរីក៏ធ្លាប់រៀបចំបាយមាន់ និងឡាក់សា (Laksa Singapore) ដែលចាត់ទុកថាជាការទូតបាយមាន់ ការទូតឡាក់សា។ នៅប្រទេសចិនក៏ធ្លាប់រៀបចំឌីមសាំ (Dim Sum) ដែលគេចាត់ទុកថាការទូតឌីមសា ហើយក្រៅពីនេះក៏មានការទូតផេនដាជាដើម។

នៅហ្វីលីពីនមានការទូតទុរេន ដែលកាលពីសម័យប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីលឆ្នាំ២០១៧ លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតែតេ បានរៀបចំផ្លែទុរេនដាវ៉ាវសម្រាប់ទទួលមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដទៃទៀត។ ទុរេនដាវ៉ាវនេះ សំបករបស់វាមិនមានបន្លាវែងស្រួចដូចទុរេនធម្មតានោះឡើយ។

ដើម្បីដឹងកាន់តែច្បាស់ថាគោលបំណងនៃការរៀបចំការទូតផ្លែទុរេន ការទូតនំបញ្ចុក ឬការទូតតាមរយៈម្ហូបអាហារ នំនេកអ្វីផ្សេងទៀតនោះ សូមជាវសៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលោក ដើម្បីយកមកអាននិងទទួលបានចំណេះដឹងបន្ថែម៕