(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមប្រឹក្សាសាលាភូមិន្ទ រដ្ឋបាល បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិត នៅសាលាភូមិន្ទរដ្ឋបាល។

ពិធីនេះ ក៏មានវត្តមានអញ្ជើញ ចូល រួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលា ភូមិន្ទរដ្ឋបាល លោកស្រីវេជ្ជ បណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ តំណាងលោកសាស្ត្រចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ គណៈគ្រងគ្រង និងមន្ត្រីរាជការ នៃក្រសួងមុខសារធារណៈ និងសាលាភូមិន្ទ រដ្ឋបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល កម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ អតីតកម្មសិក្សាការី អតីតសិស្សមន្ត្រី និងសប្បុរសជន ជាច្រើនរូប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីសាលាភូមិន្ទរដ្ឋបាល សហភាពសហព័ន្ធយុវជន កម្ពុជា ក្នុងវិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល។

តាមសន្ទរកថាស្វាគមន៍របស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលា ភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបរិច្ចាកឈាមនេះ ចំនួន២លើករួចមកហើយ ចាប់តាំងពី ឆ្នាំ២០១៦ ដោយមានសប្បុរសជស្ម័គ្រចិត្តចូលរួមសរុបចំនួន១២៩អង្គនាក់ នារី១០នាក់ និងព្រះសង្ឃ៣អង្គ ដែលមានសមាសភាព ជាព្រះសង្ឃ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជនផ្សេងៗទៀត។

ដោយឡែកចំពោះកម្មវិធីលើកទី៣ ក្នុងឆ្នាំ២ ០២២ នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាកឈាម ក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន៣៥៧អង្គនាក់ នារី ៧៨នាក់ និងព្រះសង្ឃ ៦អង្គ ក្នុងនោះ រួមមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ក្រសួងមុខងារសាធារណៈមានចំនួន១០០នាក់ គ្រូឧទ្ទេស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងកម្ម សិក្សា ការីមន្ត្រីក្រមការ មានចំនួន២៥០អង្គនាក់ និងអតីតសិស្សមន្រ្តី អតីតកម្មសិក្សាការី និងសាធារណៈជនផ្សេងៗទៀត មានចំនួន ៧នាក់។

លោកបន្តថា កម្មវិធីបរិច្ចាកឈាមនេះ ប្រព្រឹត្តទៅពេញមួយថ្ងៃ ចាប់ពីព្រឹក រហូតដល់ពេលរសៀល ដោយបានបែងចែក បញ្ជីឈ្មោះ ជាពីរ វេន។

លោក យក់ ប៊ុនណា បានបញ្ជាក់ថា កម្មវិធីបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ជាសកម្មភាព សង្គម គំរូមួយដែលនឹងជួយជំរុញ និងពង្រឹងគុណ ភាព នៃការបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាល ឲ្យកាន់ តែប្រសើរ ឡើង ស្របតាមបាវចនារបស់ខ្លួន ដើម្បីវិន័យ គុណធម៌ គុណភាព និងនវានុវត្តន៍។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងនាម ក្រសួង សុខាភិបាល សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមុខ ងារ សាធារណៈ និងសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី ព្រមទាំងសប្បុរស ជនទាំងអស់ ដែលបានឆ្លៀតពេល ម៏មមាញឹក ចូលរួមធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើក កម្ពស់ការបរិច្ចាក ឈាមដោយ ស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។

នៅក្នុងឱកាស នេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា យុទ្ធនាការបរិច្ចាកឈាមដើម្បីសង្រ្គោះជីវិត ថ្ងៃនេះ គឺជាប្រធានបទ ដ៏មាន អត្ថន័យសម្រាប់យើង ទាំង អស់គ្នា និងមានគោលបំណងសំខាន់២គឺ ទី១បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាក ឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ ឲ្យយុវជន ប្រជានទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានា ឲ្យមានការផ្គត់ ផ្គង់ឈាម គ្រប់គ្រាន់សម្រាប់អ្នកជំងឺ ជាមាតា ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការ រើសអើង មិនប្រកាន់ជាតិ សា សន៍ ឫសាសនា ទី២ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាព មនុស្ស ធម៌ដ៏ល្អប្រពៃក្នុងសង្គម។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ព្រុំ សុខា បានថ្លែងថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺ គឺជាបញ្ហាប្រឈម ដែលត្រូវបានយកចិត្តទុកដាក់ជាតីបំផុត។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានខិតខំរៀបចំ ក្របខណ្ឌគោលនយោបាយផ្តល់ឈាម និងច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ដើម្បីលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋគ្រប់ ប្រភេទ ដែលមានអំណោយឈាមស្ម័គ្រចិត្តបរិច្ចាកដោយឥតគិតថ្លៃ ឲ្យបាន១០០% នៅមុនឆ្នាំ២០២០ ដែលជាអនុសាសន៍រួមរបស់ អង្គការសុខភាពពិភពលោក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបរិច្ចាកឈាមទៀតទាត់ មិនត្រឹមតែមិនធ្វើឲ្យខូច សុខ ភាព នោះទេ ប៉ុន្តែវាបែរជាអាចជួយផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សប្បុរសជនទៅវិញ រួមមានដូចជា កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តូរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិ ដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើម កំពែង ជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូងនិងកាត់បន្ថយការឡើងទម្ងន់។បន្ថែមលើនេះ សប្បុ រស ជនទាំងឡាយ បន្ទាប់ពីបានបរិច្ចាកឈាមរបស់ខ្លួន អ្នកនឹងមានអារម្មណ៍មោទនភាព និងទទួលបានការកោតសរសើរ និងការ ទទួល ស្គាល់ពីសហគមន៍នៅជុំវិញខ្លួន ថាអ្នកបានរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សង្គមជាតិ ក្នុងការជួយសង្គ្រោះជីវិត អ្នក ជំងឺឲ្យរួចផុតពីសេចក្តីស្លាប់។

នៅក្នុងឱកាសនេះ លោក ព្រុំ សុខា បានបញ្ជាក់បន្តថា ការបរិច្ចាកឈាម អាចជួយ បង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើង ពិសេស សិស្សមន្ត្រី និងកម្មសិក្សាការីជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើឲ្យយើងទាំងអស់គ្នាជាខ្មែរ មានការផ្សារភ្ជាប់គ្នាពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយ ឈាម និងអ្នកជំងឺដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងមុខ ងារ សាធារណៈ ពិសេស កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិរដ្ឋបាល លោករដ្ឋមន្ត្រី សង្ឃឹមថា កម្មវិធីបរិច្ចាកឈាម ដើម្បី សង្គ្រោះជីវិតនេះ នឹងជម្រុញឲ្យ ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀត យល់ដឹង និងមានឆន្ទៈចូលរួម សកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិរបស់យើងឈានដល់ដំណាក់កាលសំខាន់មួយឆាប់ៗនេះ ដែលពេលនោះ គ្មានអ្នកជម្ងឺ ណាម្នាក់ស្លាប់ ដោយសារខ្វះឈាមដែលមានសុវត្ថិភាពឡើយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១កន្លងមក យើងត្រូវការឈាមមួយប្លោក ដើម្បី ជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ប្លោកជាធម្យមនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណ ជាង១០ ម៉ឺនប្លោក ដែលកើនលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានគ្របដណ្តប់ជាង ៧០%នៃការផ្តត់ផ្គង់ឈាមទូទាំងប្រទេស។

ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលតែ១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាកឈាមដោយ ស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ៕